ព័ត៌មានទាន់ហេតុការណ៍៖

លោក យក់ សៀង អតីតសាស្ត្រាចារ្យឯកទេសភាសាបាលី-សំស្ក្រឹត ទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ៖ លោក យក់ សៀង អតីតសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ ឯកទេសភាសាបាលី និងសំស្ក្រឹតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរណភាព៧៤ឆ្នំា ដោយរោគាពាធ កាលពីរសៀលថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០១៩ នៅឯគេហដ្ឋានរបស់លោក ម្តុំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ មរណភាពរបស់អតីតសាស្ត្រាចារ្យរូបនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីបណ្តាអតីតនិស្សិត រាប់ពាន់នាក់ ជាពិសេស ការចែករំលែកតៗគ្នានូវដំណឹងនេះ តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។ សពបានបូជា​តាមប្រពៃណី​នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅវត្តអង្គតាម៉ិញ ។

មរណភាពលោកសាស្ត្រាចារ្យ យក់ សៀង ត្រូវបានក្រុមអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(សាកលវិទ្យាល័យភ្នំពេញ) សោកស្តាយ និងចាត់ទុកថា ជាការបាត់បង់ធនធានមនុស្សផ្នែកអក្សរសាស្ត្រជាតិយ៉ាងសំខាន់ ។ លោកគឺជាសាស្ត្រាចារ្យដែលទទួលបាននូវការគោរពស្រឡាញ់រាប់អានពីបណ្តាអតីតនិស្សិត ដែលធ្លាប់រៀនសូត្រជាមួយលោក ។ លោកគឺជាសាស្ត្រាចារ្យដ៏គំរូ សម្រាប់និស្សិតអក្សរសាស្ត្រខ្មែរទាំងឡាយ ដែលទទួលបានការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យភ្នំពេញ តាំងពីដើមទសវត្សរ៍ទី៩០ ។

កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ក្រុមអតីតនិស្សិតសាកលវិទ្យាល័យភ្នំពេញ នៃមហាវិទ្យាល័យអក្សរសាស្ត្រខ្មែរជំនាន់ទី១២ បានអញ្ជើញលោក យក់ សៀង ចូលរួមក្នុងកម្មវិធីជួបជុំអតីតនិស្សិត នៅភោជនីយដ្ឋានមួយកន្លែងក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក ជាមួយនឹងអតីតសាស្ត្រាចារ្យមួយចំនួនទៀត ។ នៅរាត្រីថ្ងៃទី២៤ ខែសីហា លោកមានសុខភាពមាំមួន ជជែកលេងជាមួយអតីតកូនសិស្សរបស់ខ្លួនយ៉ាងសប្បាយរីករាយ ពោលគឺមើលទៅដូចជាមិនមានជំងឺអ្វីបៀតបៀននោះទេ ។ លោកបានចំណាយពេលវេលាអង្គុយជជែកលោកជាមួយលោកសាស្ត្រាចារ្យ ក៏ដូចជាអតីតកូនសិស្សរបស់លោកជាយូរម៉ោង មុនពេលលោកត្រឡប់ទៅគេហដ្ឋានវិញនៅវេលាប្រហែលម៉ោង៩យប់ ។

លោកកាន់ គុណសម្បត្តិ អតីតនិស្សិតមហាវិទ្យាល័យអក្សរសាស្ត្រខ្មែរជំនាន់ទី១២ ដែលបានជួបលោក យក់ សៀង កាលពីយប់ថ្ងៃទី២៤ ខែសីហា នៅពេលទទួលបានដំណឹងអំពីមរណភាពនេះ បានថ្លែងថា វាជារឿងដែលមិនគួរនឹកស្មានដល់ ពីព្រោះ នៅពេលដែលលោក ជួបពួកយើង គឺលោកមានសុខភាពល្អមាំទាំ ។ យ៉ាងណាក៏ដោយ យើងបានត្រឹមតែសម្តែងនូវការសោកស្តាយនឹករលឹកចំពោះលោកសាស្ត្រាចារ្យដែលបានបូជាពេលវេលាពេញមួយជីវិត ដើម្បីបុព្វហេតុអប់រំក្នុងវិស័យអក្សរសាស្ត្រជាតិ ។

នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការចែករំលែកតៗគ្នា អំពីដំណឹងនិងការធ្វើបុណ្យឧទ្ទិសកុសលជូនលោកសាស្ត្រាចារ្យ ។ លោក ហម វុទ្ធី ដែលជាអតីតនិស្សិតអក្សរសាស្ត្រខ្មែរអាហារូបករណ៍ជំនាន់ទី៣០បានចាត់ទុកលោក យក់ សៀង ជាវីរសាស្ត្រាចារ្យ ដែលបានបូជាជីវិតក្នុងបុព្វហេតុអក្សរសាស្ត្រជាតិ ។

គណនីហ្វេសប៊ុក Morn Long ជាអតីតនិស្សិតមហាវិទ្យាល័យអក្សរសាស្ត្រខ្មែរជំនាន់ទី១២ នៃសាកលវិទ្យាល័យភ្នំពេញបានសរសេរថា យើងសោកស្តាយចំពោះការបាត់បង់សាស្ត្រាចារ្យដ៏ឆ្នើមមួយរូប ។ លោកគ្រូគឺជាអ្នកដែលបានដឹកដៃពួកយើងទាំងអស់គ្នាឲ្យបានស្គាល់ អំពីបញ្ហាអក្សរសាស្ត្រ, បាលី សំស្ក្រឹត… លោកតស៊ូក្នុងជីវិតបង្រៀនពួកយើងឲ្យខិតខំរៀនសូត្រ, លោកមិនដែលរួញរានឹងការលំបាកនោះឡើយ ។

លោក យក់ សៀង អតីតសាស្ត្រាចារ្យគំរូម្នាក់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកជិះតែកង់មកបង្រៀនសិស្សដោយមិនទទួលយកនូវអំណោយផ្សេងៗដូចជាម៉ូតូនោះឡើយ ។ សិស្សគណជាច្រើនបានព្យាយាមប្រមូលធនធាន សហការគ្នាដើម្បីទិញម៉ូតូជូនលោកគ្រូ គ្រាន់ជិះធ្វើដំណើរ ប៉ុន្តែលោកមិនទទួលយកអំណោយជាម៉ូតូនោះទេ ។

កញ្ញា ឡាក់ មុនីរស្មី អតីតនិស្សិតមហាវិទ្យាល័យអក្សរសាស្ត្រជំនាន់ទី១២ នៃសាកលវិទ្យាល័យភ្នំពេញបានរំលឹកអនុស្សាវរីយ៍ថ្មីៗ នាវេលាមួយដែលលោកគ្រូបានហៅម៉ូតូកង់បីជិះ នៅគ្រាដែលកញ្ញានៅឯផ្លូវម្ខាងកំពុងរៀបចំឡើងរថយន្ត ក៏ក្រឡេកឃើញលោកសាស្ត្រាចារ្យ ហើយកញ្ញាក៏បានប្រញាប់ឆ្លងថ្នល់ទៅសួរសុខទុក្ខ ប៉ុន្តែដោយសារផ្លូវចង្អៀតមិនបានសួរនាំអ្វី បានត្រឹមតែចង្អុលឲ្យអ្នកនៅជិតនោះ ជួយចេញថ្លៃម៉ូតូកង់បី និងជូនសោហ៊ុយលោកគ្រូខ្លះ ។ ពេលនោះលោកគ្រូស្រែកសួរចេញពីរ៉ឺម៉កកង់បីមកថា នាងជានរណា កញ្ញាបានត្រឹមតែឆ្លើយថា «ខ្ញុំជាអតីតកូនសិស្សរបស់លោកគ្រូ…» ។

លោក អ៊ុំ សារិន អ្នកកាសែតជើងចាស់មួយរូប និងជាដន្លងរបស់លោកយក់ សៀង បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានបញ្ជាក់ថា សពរបស់លោកយក់ សៀង ត្រូវដម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកូនស្រីជិតស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងបូជា​នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅវត្តអង្គតាម៉ិញ ។ លោកបានសរសេរថា កេរ្តិ៍ឈ្មោះរបស់លោក យក់ សៀង ក្រអូបសាយភាយដោយលោកមិនដែលធ្វើអ្វីឲ្យប៉ះពាល់ដល់នរណានោះឡើយ ។

លោក យក់ សៀង បានទទួលមរណភាពនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងអាយុ៧៤ឆ្នាំ ដោយមានភរិយាឈ្មោះ ប្រាក់ សុខខេង និងមានកូន៣នាក់ ដែលកូនប្រុសច្បងឈ្មោះ យក់ សេដ្ឋា, កូនស្ត្រីបន្ទាប់ឈ្មោះ យក់ ខេមា និងកូនប្រុសពៅឈ្មោះ យក់ វិចិត្រ ។ លោកបានបន្សល់នូវអ្វីដែលអតីតនិស្សិតអក្សរសាស្ត្រខ្មែរចងចាំគឺ «ចេះកុំឲ្យហួដឹង ខឹងកុំឲ្យហួសហេតុ» ៕ ហេង សូរិយា


ចែករំលែក៖