ព័ត៌មានទាន់ហេតុការណ៍៖

បំផ្លាញឧបករណ៍ខុសច្បាប់ស្ដីពីជលផល នៅបឹងទន្លេសាបនៃឃុំមេទឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីអង្គភាព និងតំណាងអាយការអមសាលាដំបូងខេត្តពោធិ៍សាត់ផងនោះលោក ជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផលរាំងទិល ដឹកនាំមន្រ្តីក្រោមឱវ៉ាតសហការកម្លាំងយោធា សហគមន៍នេសាទ ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង ។

ប្រតិបត្តិការខាងលើធ្វើឡើងនាថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្ទៃទឹកបឹងទន្លេសាបត្រង់ចំណុចអូរសេក ស្ថិងក្នុងភូមិសាស្ត្រឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការប្រាប់ថា ជាលទ្ធផល៖ កម្លាំងសហការធ្វើការបង្រ្កាបបានរួមមាន របាំងស្បៃមុងប្រវែងចំនួន ១២០០ម៉ែត្រ លូកងស្បៃមុងចំនួន ៦គ្រឿង បង្គោលចម្រឹងចំនួន ៨០០ដើម និងចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបវិញមួយចំនួនផងដែរ នេះជាលទ្ធផលបឋមខណៈកម្លាំងសហការកំពុងបន្តធ្វើនៅឡើយ ៕ បុឹម ពិន


ចែករំលែក៖