ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខក្រុមចោរឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមផ្លូវ៤នាក់ សុទ្ធតែជាសិស្សវិទ្យាល័យបុរី១០០ខ្នង និងសិស្សទួលទំពូង

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បង្ហាញមុខក្រុមចោរឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមផ្លូវសាធារណៈចំនួន៤នាក់ ដែលសុទ្ធតែជាសិស្សវិទ្យាល័យបុរី១០០ខ្នង និងសិស្សវិទ្យាល័យទួលទំពូង បន្ទាប់ពីកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនបាននៅថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង៨ និង ៣០នាទីយប់ នៅចំណុចមុខផ្ទះលេខ៩ ផ្លូវលេខ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៣ ករណី និងចាប់យកម៉ូតូជាមធ្យោបាយធ្វើសកម្មភាព ចំនួន ០២ គ្រឿង បញ្ជូនមកកាន់ការិយាល័យដើម្បីធ្វើការសាកសួចាត់ការតាមនីតិវិធីមាន ។

យោងតាមប្រភពពីមន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ ដោយករណីទី១; អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់កាបូបស្ពាយ) នៅចំណុចមុខផ្ទះលេខ១៩០ ផ្លូវលេខ ១៤៣ ក្រុម៥៤ ភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ១៦ និង ០០ នាទី ។

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាក OPPO ) នៅចំណុចមុខផ្ទះលេខ១៩០ ផ្លូវលេខ ១៤៣ ក្រុម៥៤ ភូមិ៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមនរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ១៦ និង ០០ នាទី ។

ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់កាបូបដៃ) នៅចំណុចមុខផ្ទះលេខ២៥អា ផ្លូវលេខ៣២០ ក្រុម៥៩ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ១៨ និង ៣០ នាទី ។

ជនសង្ស័យឃាត់ខ្លួន ទី១-ឈ្មោះ សឺង ធី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ៤០ ផ្លូវលេខ៣៧៦ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ហៀង ប៊ុនហាក់ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សិស្សវិទ្យាល័យទួលទំពូង ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៣៦០ សង្កាត់ទួលស្វាយ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ទី៣-ឈ្មោះ សេង ពិសី ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សិស្សវិទ្យាល័យបុរី១០០ខ្នង ស្នាក់នៅផ្ទះលេខ១៨៩ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ទី៤-ឈ្មោះ ប្រាក់ សំណាង ហៅ ហេង ភេទ ប្រុស អាយុ ១៤ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សិស្សវិទ្យាល័យបុរី១០០ខ្នង ស្នាក់នៅផ្ទះលេខ១៦ ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច២ ពណ៌ស ឆ្នាំផលិត ២០១៩ លេខតួ ៧៥២៨៥៥ លេខម៉ាស៊ីន ៧៥២៨៨៧ ពាក់ស្លាកលេខ ភ្នំពេញ ១HU ៨២៧៥ ។ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច២ ពណ៌ ក្រហម ខ្មៅ ឆ្នាំ ផលិត ២០១៩ លេខតួ ៧៥២៣២៩ លេខម៉ាស៊ីន ៧៥២៤៩១ ពាក់ស្លាកលេខ ភ្នំពេញ១HV ៧៤៩៤ ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖