ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ព្រោះតែមានសារធាតុញៀនក្នុងខ្លួន ហ៊ានលួចចូលទៅក្នុងផ្ទះគេ រួចចាប់កូនស្រីគេដែលមានអាយុ៧ឆ្នាំ កំពុងដេកនៅក្នុងផ្ទះ យកទៅក្នុងព្រៃស្ងាត់ រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈ ឆ្លៀតពេលដែលម្ដាយឪពុកមិននៅផ្ទះ លុះភ្លឺឡើងម្ដាយក្មេងស្រីរងគ្រោះឃើញកូនស្រីខ្លួនមានសភាពមិនស្រួល ក៏សួរនាំរហូតដឹងជនសង្ស័យ ក៏ដាក់ពាក្យប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងព្រៃខាងកើតភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនឈ្មោះ ឈឹម ស្រៀវ ហៅគ្រីយ៉ា ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករសំណង់ ។ ជនសង្ស័យមានទីលំនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ម្ដាយក្មេងស្រីរងគ្រោះបានចេញពីផ្ទះទៅលក់ត្រី រីឯឪពុកក្មេងស្រីទៅដេកនៅលើទូក ដោយក្មេងស្រីរងគ្រោះដេកនៅផ្ទះជាមួយបងស្រីខ្លួន ។ លុះមកដល់ម៉ោងកើតហេតុ ជនសង្ស័យខាងលើ បានលួចចូលទៅក្នុងផ្ទះក្មេងស្រីរងគ្រោះ រួចបីក្មេងស្រីរងគ្រោះចេញពីបន្ទប់ដេក ដោយខ្ទប់មាត់មិនឲ្យស្រែក ចូលទៅក្នុងព្រៃស្ងាត់ខាងកើតភូមិ រួចធ្វើការសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច បន្ទាប់រំលោភរួច ជនសង្ស័យបានគំរាមក្មេងស្រីរងគ្រោះថា ប្រសិនបើហ៊ានប្រាប់ឪពុកម្ដាយ ខ្លួននឹងសម្លាប់ចោល ។
លុះភ្លឺឡើង ខណៈដែលម្ដាយក្មេងស្រីរងគ្រោះត្រឡប់មកពីលក់ត្រីនៅផ្សារវិញ ឃើញកូនស្រីខ្លួនមានស្នាមមុខ និងខោអាវប្រឡាក់ដី មានការសង្ស័យ ក៏សួរនាំកូនស្រីខ្លួន ភ្លាមនោះកូនស្រីខ្លួន(ក្មេងស្រីរងគ្រោះ)បានរៀបរាប់ដំណើររឿងហេតុដល់ម្ដាយខ្លួន ។ បន្ទាប់ពីម្ដាយស្ដាប់ការរៀបរាប់របស់កូនស្រីហើយ រហូតកំណត់មុខសញ្ញាជនសង្ស័យបាន ភ្លាមនោះក៏យកកូនស្រីទៅពិនិត្យនៅមន្ទីរពេទ្យ រួចដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពុងអុស ដើម្បីធ្វើការឃាត់ខ្លួន ។
បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលទទួលបានពាក្យបណ្ដឹងពីស្រ្ដីជាម្ដាយរួច ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏ឃាត់ខ្លួន ជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ