ព័ត៌មានទាន់ហេតុការណ៍៖

អ្នកតំណាងរាស្ត្រភ្នំពេញ នាំយកអំណោយមនុស្សធម៌ មកចែកជូនបងប្អូនដែលរងគ្រោះដោយអគ្គិភ័យ២៤គ្រួសារ នៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖  លោកស្រី ម៉ាណ ណាវី សមាជិករដ្ឋសភា តំណាងលោក អូស្មាន ហាស្សាន់ បានអញ្ជេីញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ​  ព្រមជាមួយថវិកា មួយចំនួន​ ប្រគល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យ ចំនួន ២៤គ្រួសារ
កាលពីរសៀលថ្ងៃសៅរ៍ ៨រោច ខែបទ្របទ ឆ្នាំកុរឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា៖ បងប្អូនរងគ្រោះដោយអគ្គីភ័យបានកើតឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា​ កន្លងទៅនេះ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ ៨ សង្កាត់ច្រាំងចំរេះ ២ខណ្ឌឫស្សីកែវ រាជធា នីភ្នំពេញ ចំនួន២៤គ្រួសារ ។ ថ្ងៃនេះ ដោយមើលឃើញ ពីទុក្ខលបាក់របស់បងប្អូនអ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញក៏បាននាំយកអំណោយមនុស្សធម៏មកចែកជូនដល់ដៃ ក្នុងមួយគ្រួសារទទួលបានអង្ករ ៥០ គីឡូក្រាម មី២កេះ, ទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ ១ យួរ, ស្ករសរ ២ គីឡូក្រាម, សាប៊ូដុសខ្លួន ម៉ាកណាសា ១ ដប និងទឹកប្រាក់ចំនួន១ គ្រួសារ  ៣០ ម៉ឺនរៀល ដោយឡែក គ្រួសារក្មេងប្រុសដែលស្លាប់ ទទួលបាន ៤០ ម៉ឺនរៀលពីលើ ពីលោកស្រីអភិបាលរង ខណ្ឌខណ្ឌសែនសុខផងដែរ ។

លោកស្រី ម៉ាណ ណាវី បានបញ្ជាក់ថា៖ កញ្ចប់អំណោយ និងថវិកា សរុប មានចំនួន ២០០០ ដុល្លារ ដែលជាការឧបត្ថម្ភរបស់លោកស្រី ណាសា អគ្គនាយកាក្រុមហ៊ុន ណាសា ខូស្មីទិច និងការរៃអង្គាសពីដៃគូពាណិជ្ជកម្មរបស់លោកស្រី។

នៅក្នុងកិច្ចសំណេះសំណាល នេះដែរលោកស្រីក៏បានចូលរួមសោកស្ដាយជាមួយនឹងបងប្អូនទាំង ២៤ គ្រួសារ   និងបានដាស់តឿនក្រើនរំលឹក ចំពោះបងប្អូនសូមមានការប្រុង ប្រយ័ត្នខ្ពស់ ចំពោះឧបទ្ទវហេតុដ៏អាក្រក់ ដែលយើងទាំងអស់គ្នាមិនចង់ជួបឡើយ ហើយសូមបងប្អូនកុំមានការអន់ចិត្ត ចំពោះប្រាក់ឧបត្ថម្ភដែលមានការលើសខ្វះ ព្រោះកម្រិតនៃការខូចខាតពីអគ្គីភ័យនេះ មានសភាពខុសពីគ្នា ដូច្នេះសូមបងប្អូនមានការយល់។

សូមរំលឹកជូនដែរថា៖ នេះគឺជាលើកទី ២ ហើយ ដែលលោកជំទាវ ម៉ាណ ណាវី សមាជិករដ្ឋសភា បានអញ្ជើញសាកសួរសុខទុក្ខបងប្អូនដែងរងគ្រោះ ដោយកាលថ្ងៃទី ២០ ខែកញ្ញា ម្សិលមិញនេះ លោកជំទាវបានឧបត្ថម្ភដល់បងប្អូន ចំនួន​មួយ​ពាន់​ដុល្លារ​ (១,០០០$)ផងដែរ។

បើតាមប្រជាពលរដ្ឋដែលរងគ្រោះបានអោយដឹងថា បន្ទាប់ពីផ្ទះរបស់ពួកគាត់ត្រូវបានបំផ្លាញដោយអគ្គីភ័យ រហូតមក ទល់ពេលនេះឃើញថាមានការយកចិត្តទុកដាក់ពីអង្គការសមាគមនានាមួយចំនួន និងសប្បុរសជនគ្រប់ជាតិសាសន៍ ជាពិសេស ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលខិតខំគៀងគរ ស្វែងរកជំនួយជាថវិកា និងគ្រឿងឧបភោគបរិភោគជូនពួកគាត់៕ សំរិត


ចែករំលែក៖