ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទកើតឡើងយ៉ាងរាលដាលនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ចែករំលែក៖

ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបនៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កំពុងកើតឡើងយ៉ាងរាលដាល ព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធគឺជាអ្នកឃុបឃិតឲ្យមានបទល្មើសនេសាទកើតឡើងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រភពបានឲ្យដឹងទៀតថា លោក សៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ គឺជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះ គន ប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងរដូវបិទនេសាទយ៉ាងមហន្តរាយ ដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ នាំគ្នាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ បណ្ដោយឲ្យបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុក។

ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជានេសាទក្នុងតំបន់បឹងទន្លេសាបនៃស្រុកកំពង់ស្វាយ បានឲ្យដឹងទៀតថា នៅពេលប្រជាពលរដ្ឋប្រើឧបករណ៍នេសាទជាលក្ខណៈគ្រួសារដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ គឺមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបដោយគ្មានការយោគយល់នោះទេ។ ប៉ុន្តែនៅពេលដែលឈ្មួញឈ្មោះ គន ប្រើឧបករណ៍ខុសច្បាប់ច្រើនប្រភេទចាប់ត្រីក្នុងរដូវបិទនេសាទ បែរជាមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញឈ្មោះ គន ជាប្រភពចំណូលដ៏សំខាន់របស់លោក សៅ វណ្ណសេរីវុធ និងបក្ខពួក ដូច្នេះហើយទើបលោក សៅ វណ្ណសេរីវុធ បណ្ដោយឲ្យឈ្មួញរូបនេះប្រព្រឹត្តបទល្មើសនេសាទយ៉ាងរាលដាលតែម្ដង។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ចាត់វិធានការទប់ស្កាត់បទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបនៃស្រុកកំពង់ស្វាយ ជាបន្ទាន់។

សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ធំ បានកត់សម្គាល់ថា ចាប់តាំងពីលោក ប៉ែន វណ្ណរិទ្ធ ទទួលបានតំណែងជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ជំនួសលោក ធីវ វណ្ណធីរ រួចមកគឺបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងតំបន់បឹងទន្លេសាបនៃស្រុកកំពង់ស្វាយ និងស្រុកស្ទោង ពុំមានការថយចុះទេ។ ប្រជានេសាទនៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ បានត្អូញត្អែរថា នៅពេលពួកគាត់ប្រើឧបករណ៍ស្របច្បាប់សោះបែរជាមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបយ៉ាងកំរោលបំផុត។ ប៉ុន្តែនៅពេលឈ្មួញឈ្មោះ គន និងឈ្មួញដទៃទៀតប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងតំបន់បឹងទន្លេសាប នៃស្រុកកំពង់ស្វាយ និងស្រុកស្ទោង យ៉ាងមហន្តរាយមិនឃើញមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបឈ្មួញទាំងនោះទាល់តែសោះ។ ប្រជានេសាទក្នុងស្រុកកំពង់ស្វាយ បានលើកឡើងថា លោក សៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ គឺជាមេខ្លោងធំបំផុតនៅពីក្រោយបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដែលមានការកើនឡើងយ៉ាងគំហុក៕


ចែករំលែក៖