ព័ត៌មានទាន់ហេតុការណ៍៖

សុខ វ៉ាន់ឌី ពីជីវិតក្មេងកំព្រា ត្រូវគេមើលងាយ ក្លាយជាមេជាងជំនាញវ័យក្មេង

ចែករំលែក៖

ភ្នំពេញ៖ “ជីវិតគឺជាការតស៊ូ ការមើលងាយរបស់អ្នកដ៏ទៃគឺជាកម្លាំងចិត្តឆ្ពោះទៅមុខដើម្បីពន្លឺនៃជីវិត” គឺជាពាក្យរបស់យុវជន សុខ វ៉ាន់ឌី ដែលតែងដាស់តឿនខ្លួនឯងឲ្យខិតខំតស៊ូប្រឹងប្រែងទៅមុខបើទោះបីជាស្ថិតក្នុងស្ថានភាពជីវិតជាក្មេងកំព្រា និងត្រូវរស់នៅក្នុងអង្គការចាប់តាំងពីខ្លួននៅក្មេង ។ វ័យ២២ឆ្នាំប៉ុណ្ណោះ យុវជនរូបនេះ បានក្លាយជាមេជាងដ៏ចំណាន និងទទួលបានការកោតសរសើរនៅក្នុងហាងល្បីល្បាញមួយនៅភ្នំពេញ ។

សុខ វ៉ាន់ឌី គឺជាកូនប្រុសពៅនៅក្នុងត្រកូលគ្រួសារដែលក្រីក្រមួយក្នុងចំណោមបងប្អូន៣នាក់នៅក្នុងស្រុកស្រីសន្ធរក្នុងខេត្តកំពង់ចាម គ្រួសារបែកបាក់ព្រោះឪពុកមានប្រពន្ធថ្មី ។ វ៉ាន់ឌី បានរស់នៅទាំងលំបាកជាមួយម្តាយរហូតម្តាយទទួលមរណភាពគ្រាដែលខ្លួនទើបតែដឹងក្តីប៉ុណ្ណោះ រហូតជីវិតរសាត់អណ្តែតទៅរស់នៅក្នុងអង្គការមួយ ។ ស្ថិតក្នុងស្ថានភាពជីវិតដែលមិនមានមានភាពកក់ក្តៅ វ៉ាន់ឌី បានប្រើប្រាស់ជីវិតតែលតោលគ្មានគោលដៅច្បាស់លាស់ ប៉ុន្តែគ្រាធំពេញវ័យ យុវជនរូបនេះចាប់ផ្តើមភ្ញាក់ខ្លួនព្រោះពាក្យមើលងាយពេបជ្រាយរបស់មនុស្សមួយចំនួននៅជុំវិញខ្លួន ។

៥ឆ្នាំមុននេះ យុវជនរូបនេះបានសម្រេចចិត្តជ្រើសរើសជំនាញផាត់មុខ ធ្វើសក់ពីអង្គការJustice And Soul Foundation និងធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលបន្ថែមនៅប្រទេសកូរ៉េផងដែរ ។ យុវជនរូបនេះថា អរគុណសម្រាប់ការមើលងាយពេបជ្រាយ ដែលជាកម្លាំងចិត្តតស៊ូជម្នះគ្រប់ឧបសគ្គដើម្បីជីវិតខ្លួនឯង បើទោះបីជាពេលនេះលោកមិនមែនជាអ្នកមានជីវភាពស្តុកស្តម្ភ ប៉ុន្តែលោកអាចរស់នៅដោយភាពថ្លៃថ្នូរ មិនទទួលការមាក់ងាយដូចមុន ។ លោកថាបច្ចុប្បន្នលោកគឺជាមេជាងប្រចាំហាងលីកាចាសាឡន ( Leekaja Seauty Salon) ដ៏ល្បី ដែលមានអតិថិជនជាច្រើនពេញចិត្តនឹងស្នាដៃ ពិសេសជំនាញធ្វើសក់និងកាត់សក់ ។

លោកក៏ធ្លាប់ចូលរួមច្នៃម៉ូតសម្រាប់កម្មវិធីបង្ហាញម៉ូតអន្តរជាតិជាច្រើនផងដែរ ។ ទោះបីជាមមាញឹកនឹងកិច្ចការងារប្រចាំហាងខាងលើក្តីក៏លោកនៅតែឆ្លៀតពេលទំនេរពីការងារ រួមជាមួយមិត្តភ័ក្កចេញទៅកាត់សក់ឲ្យកុមារកំព្រានៅតាមបណ្តាអង្គការនានាជានិច្ច ព្រោះតែលោកតែនឹកឃើញជីវិតគ្រានៅក្មេងដែលខ្វះភាពកក់ក្តៅដែលកុំថាឡើយការស្លៀកពាក់រៀបចំខ្លួនស្អាតបាត ដែលសូម្បីតែចំណីអាហាទទួលទានក៏មិនមានគ្រប់ផង ។

ក្នុងនាមជាអ្នកជំនាញផ្នែកសក់ លោកចង់ចែករំលែកបទពិសោធន៍ដែលខ្លួនមាននិងធ្លាប់ទទួលបានពីការរៀនសូត្រនោះចែកទៅដល់យុវជនជំនាន់ក្រោយដែលមានបំណងចាប់យកជំនាញនេះដើម្បីក្លាយខ្លួនជាអ្នកអាជីពទៅថ្ងៃអនាគត ។ លោករំពឹងដែរថាការបើកថ្នាក់បណ្តុះបណ្តាលមួយនឹងត្រូវបានរៀបចំធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ ។ លោកក៏ធ្វើការផ្តាំផ្ញើទៅដល់កុមារកំព្រា យុវជនទាំងអស់ដែរថាសូមកុំបាក់ទឹកចិត្តព្រោះពាក្យមើលងាយ ត្រូវស្វែងរកឲ្យឃើញនូវចំណុចខ្លាំងរបស់ខ្លួន ហើយអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាមនុស្សជំនាញ បើទោះបីជាជំនាញនោះមិនត្រូវបានមនុស្សមួយចំនួនផ្តល់តម្លៃក៏ដោយ ។ អ្វីដែលសំខាន់គឺការជួយខ្លួនឯង គ្រួសារ និងសង្គម៕ វឌ្ឍនា


ចែករំលែក៖