ព័ត៌មានទាន់ហេតុការណ៍៖

តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនជនដៃដល់យកកែវស្រាវាយក្បាលឈាមស្រោចពេញខ្លួន លើគូទំនាស់ធ្លាប់តិះដៀលដល់គ្រួសារខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ ជនត្រូវចោទ ដែលត្រូវបានលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ“ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ត្រូវបានលោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន។

ជនត្រូវចោទមានឈ្មោះ ទូច សុផារី ហៅមនោ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ស្រស់ ស្រ៊ន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

បើតាមសមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា វេលាម៉ោង១៧៖២០ ឈ្មោះ ទូច សុផារី កំពុងផឹកស្រាបៀរជាមួយបងប្អូននៅផ្ទះឈ្មោះ ញ៉េប ទុន ផឹកអស់ស្រាបៀរ៥កំប៉ុង ។ ពេលនោះឈ្មោះ ស្រស់ ស្រ៊ន បានមកដល់ នៅពេលនោះដែរ ស្រាប់តែឈ្មោះ ទូច សុផារី បានឃើញឈ្មោះស្រស់ ស្រ៊ន ភ្លាមក៏នឹកឃើញដល់ឈ្មោះស្រស់ ស្រ៊ន ធ្លាប់និយាយដើមតិះដៀលដល់គ្រួសារខ្លួន ក៏បានកើតចិត្តគុំគួន រួចក្រោកឡើងយកកែវរបស់ខ្លួនកំពុងផឹកស្រាបៀរនោះស្ទុះវាយទៅលើឈ្មោះ ស្រស់ ស្រ៊ន ត្រូវចំក្បាល បណ្ដាលឲ្យឈ្មោះ ស្រស់ ស្រ៊ន បែកក្បាលហូរឈាមយ៉ាងខ្លាំង។

ក្រោយកើតហេតុ ជនរងគ្រោះដែលបានបែកក្បាលហូរឈាមស្រោចខ្លួននោះ ត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ៕ ឆ ដា


ចែករំលែក៖