ម៉្ងៃណោះ ខ្ញុំបាទឃើញអាជ្ញាធរខណ្ឌទួលគោកចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី មុខសាកលវិទ្យាល័យភាសាបរទេស ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរទាំងឡាយអបអរសាទរចំពោះចំណាត់ការរបស់អាជ្ញាធរ ដែលបានចុះទៅរៀបចំសណ្តាប់ធ្នាប់នៅទីនោះ ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់របស់ខ្ញុំបាទ គឺក្រោយការចាកចេញរបស់ក្រុមសណ្តាប់ធ្នាប់ខណ្ឌទួលគោក គឺរថយន្តម៉ូតូ ត្រូវបានវិលត្រឡប់មកចតលើចិញ្ចើមផ្លូវដដែល ។ ទិដ្ឋភាពបែបនេះ ធ្វើឲ្យខ្ញុំបាទនឹកឃើញដល់ពាក្យចាស់បុរាណតែងតែនិយាយថា ដូចវែកចក ។ រីឯអាជ្ញាធរមិនបានវិលត្រឡប់ ឬងាកក្រោយមើលសមិទ្ធផលរបស់ខ្លួននោះឡើយ ពោលគឺបានត្រឹមតែធ្វើរបាយការណ៍ជូនថ្នាក់លើថាខ្លួនបានរៀបចំសណ្តាប់ធ្នាប់នៅចំណុចត្រង់នេះ ត្រង់នោះ ប៉ុន្តែលទ្ធផលគឺមិនបានពិនិត្យនោះឡើយ ។
នៅចំណុចខាងលើ រថយន្ត ម៉ូតូនៅតែបន្តចតលើចំណែកផ្លូវ ហើយនៅមុខសាលាភាសាបរទេស ក្រុមអ្នកលក់ដូរ តាមរ៉ឺម៉កចតជាប្រចាំច្រើនជួរនៅលើផ្លូវ ធ្វើឲ្យផ្លូវរួមតូច បណ្តាលឲ្យកកស្ទះចរាចរណ៍នៅចំណុចមុខសាលាភាសាបរទេសជាញឹកញាប់ ។ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់មូលដ្ឋាន ក៏បានដឹងអំពីបញ្ហានៃការកកស្ទះចរាចរណ៍នៅទីតាំងខាងលើនោះដែរ ប៉ុន្តែបានត្រឹមតែមើលអំពីបញ្ហាដោយមិនព្រមចូលរួមដោះស្រាយបញ្ហានោះឡើយ ។ អាជ្ញាធរខណ្ឌទួលគោកបានដឹងថា នៅចំណុចដែលខ្លួនបានចុះទៅរៀបចំសណ្តាប់ធ្នាប់នោះ អ្វីៗបានវិលត្រឡប់ទៅរកភាពដើមវិញហើយ ។ ប៉ុន្តែខ្លួនគ្មានវិធានការអ្វីដើម្បីធានាបានថា កន្លែងដែលកម្លាំងសមត្ថកិច្ចបានចុះទៅរៀបចំសណ្តាប់ធ្នាប់នោះបានល្អប្រសើរឡើងវិញនោះឡើយ ផ្ទុយទៅវិញ អាជ្ញាធរបានត្រឹមតែធ្វើរបាយការណ៍ជូនថ្នាក់លើអំពីការដែលខ្លួនបានចុះទៅរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែមិននិយាយអំពីលទ្ធផលនោះឡើយ ។
មិនមែនតែនៅក្នុងខណ្ឌទួលគោកនោះទេ នៅទីកន្លែងផ្សេងទៀតក៏មានរឿងស្រដៀងគ្នានេះកើតឡើងដែរ ។ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ នៅតែមានរថយន្តឈ្នួលបំពានច្បាប់ ចតលើផ្លូវដើម្បីហៅម៉ូយជារៀងរាល់ថ្ងៃនោះដែរ ។ ការលក់ដូរនៅលើផ្លូវ ឬនៅលើចិញ្ចើមផ្លូវនៅតែបន្តកើតមាន ។ អាជ្ញាធរបានធ្វើសកម្មភាពប្រៀបដូចជាវែកចក តែមួយផ្លែត អ្នកលក់ដូរ ឬរថយន្តឈ្នួលទាំងនោះចាកចេញតែមួយសន្ទុះ ក៏វិលត្រឡប់មកកន្លែងដើមវិញ ។ រឿងដដែលៗនេះ វាស៊ីសងទៅលើសមត្ថភាពនៃអ្នកដឹកនាំថា តើគាត់មានភាពឈឺចាប់ចំពោះការងាររបស់គាត់ដែលមិនបានលទ្ធផលនោះឬទេ? ប្រសិនបើគាត់គិតថា វាជារឿងធម្មតា ប្រើកម្លាំងឲ្យទៅដេញមួយប្រ៉ាវដើម្បីឲ្យគេដឹងថា យើងធ្វើដែរ ហើយត្រឡប់មកវិញ ទោះបីជាបានផល ឬមិនបានផល នោះវាជារឿងដែល មិនអាចទទួលបានលទ្ធផលជាវិជ្ជមាននោះឡើយ ។
បញ្ហាសណ្តាប់ធ្នាប់ ស្ថិតនៅលើដៃរបស់អាជ្ញាធរ គឺអាជ្ញាធរនោះហើយដែលជាអ្នកចុះហត្ថលេខាឲ្យគេបើកហាងកាហ្វេ ដោយមិនគិតថា តើទីតាំងនោះមានចំណតឬយ៉ាងណា ។ ជាក់ស្តែងហាងកាហ្វេពីរកន្លែង ស្ថិតតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី១ ដែលអាជ្ញាធរខណ្ឌទួលគោកចុះទៅធ្វើសណ្តាប់ធ្នាប់ថ្ងៃមុនគ្មានចំណតសម្រាប់អតិថិជននោះឡើយ ។ អ្នកដែលចូលទៅទទួលទានកាហ្វេទាំងពីរក្បែរគ្នានោះ ត្រូវតែចតម៉ូតូ ឬរថយន្តលើផ្លូវ ។ នោះគឺដោយសារអាជ្ញាធរអនុញ្ញាតឲ្យគេបើកហាងកាហ្វេ ដោយមិនសួរនាំថា តើមានចំណតឬអត់? ទីបំផុតហាងកាហ្វេទាំងពីរយកផ្លូវធ្វើជាចំណត បណ្តាលឲ្យផ្លូវនៅចន្លោះហាងកាហ្វេទាំងពីររួមតូចនិងកកស្ទះចរាចរណ៍ជាញឹកញាប់ ។ អាជ្ញាធរត្រូវគិតថា ដើម្បីផលប្រយោជន៍ឯកជនធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ មិនជាទីពេញចិត្តរបស់សាធារណជននោះទេ ។ បញ្ហាសណ្តាប់ធ្នាប់ នៅតែជារឿងដែលត្រូវការការតាំងចិត្តខ្ពស់របស់ថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន ។ បើមិនដូច្នោះទេ បញ្ហាមិនអាចដោះស្រាយបាននោះឡើយ ៕ ប្រជាពលរដ្ឋម្នាក់