ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីក្រុមអ្នកសារព័ត៍មានមួយក្រុមបានចុះទៅថតផ្តិតយករូបភាពស្ត្រីម្នាក់ ត្រូវឪពុកបង្កើត និងប្អូនប្រុសព្រួតវាយស្ទើរាល់ថ្ងៃ បណ្តាលឲ្យរងរបួសយ៉ាងដំណំ ខណៈដែលនាងទើបតែបង្កើតកូនបាន១ខួប ស្រាប់តែក្រុមគ្រួសារបង្ខំឲ្យទៅធ្វើការរកប្រាក់ ។
ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចក្បែរនឹងខារ៉ាអូខេណាហ្សាតូ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
តាមសម្តីស្រ្តីរងគ្រោះមានឈ្មោះ អា មុំ អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បានប្រាប់អ្នកសារព័ត៍មានថា មុនពេលកើតហេតុ គាត់ត្រូវឪពុកបង្កើត និងប្អូនប្រុសរបស់ខ្លួន អាយុ១៨ឆ្នាំ នាំគ្នាវាយដំ និងទាញសក់គាត់បោកទៅជញ្ជាំង រួចវាយមួយដៃចំមាត់បណ្តាលឲ្យរងរបួសយ៉ាងដំណំ ។ ភ្លាមនោះរូបគាត់ក៏បើកទ្វារត់ចេញមកក្រៅទាំងខ្លួនឯងមិនបានពាក់ស្បែកជើង មកឈរយំនៅចិញ្ចើមផ្លូវតែម្តង ។
ស្រ្តីរងគ្រោះបន្តថា មូលហេតុ គឺដោយសារតែឪពុកខឹងរឿងគេរកការងារឲ្យធ្វើបានហើយ បែរជានាងមិនព្រមធ្វើ ហើយមុខរបររកស៊ីអីក៏មិនមាន ទើបក្រុមគ្រួសារខឹងក៏នាំគ្នាវាយគាត់ស្ទើរាល់ថ្ងៃ ទាំងគាត់គ្មានអ្នកមើលថាកូនឲ្យ ។
ក្រោយកើតហេតុ ស្រ្តីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ្រោយចង្វា ជួយរកខុសត្រូវ និងណែនាំ រួចឲ្យធ្វើកិច្ចសន្យាជាមួយក្រុមគ្រួសារគាត់កុំឱ្យវាយធ្វើបាបគាត់តទៅទៀត ៕ ធឿនព្រែកជ័យ