ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៩ និង ០០នាទីថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានសហការ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះល្បាតរហូតដល់ចំណុចស្ពានមេម៉ាយ ស្ថិតក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក៏ប្រទះឃើញមានរថយន្តដឹកឈើមួយគ្រឿង ភ្លាមនោះ កម្លាំងល្បាតបានដេញតាមរហូតដល់ចំណុចផ្លូវកោងស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រថយន្តដឹកឈើបានរេចង្កូតក្រឡាប់ ហើយកម្លាំងល្បាតក៏បានឃាត់ខ្លួនពេលនោះតែម្តង ។
ជនសង្ស័យមានឈ្មោះ ជឹម ព្រីង ភេទប្រុស អាយុ៤៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបររថយន្តម៉ាកតាកូម៉ា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ រាជការ២០៦៨ ។
វត្ថុតាងរួមមានប្រភេទឈើធ្នង់ចំនួន១៥ដុំ និងរថយន្ត០១គ្រឿង ត្រូវបានដកហូតយកមករក្សាទុកនៅ និងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន តាមបទបញ្ជារបស់លោក តូច សុភក្តី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស សារ៉េត