ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលនឹងរថយន្តកុងតឺន័រពីក្រោយស្លាប់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ចតចោលលើចិញ្ចើមផ្លូវពេញទំហឹង កាលវេលាម៉ោង១១និង១០នាទីយប់ថ្ងៃ អង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ម៉ែន រ៉ាទីន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូស្មាក់វី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1 DH 3149 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តកុងតឺន័រ ក្បាលពណ័ខៀវក្រុមហ៊ុនផែស្ងួតតេងឡាយ ពាក់ស្លាក លេខភ្នំពេញ 3A 7587 ដែលចតចោលលើចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបោក្បាលនឹងទូកុងតឺន័រផុងលលាដ៍ក្បាលស្លាប់ភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅកាន់ការិយាល័យចរាចរណ៏ផ្លូវគោកស្នងការាជធានីភ្នំពេញរង់ចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។
ដោយឡែកក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុ រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ