ព័ត៌មានទាន់ហេតុការណ៍៖

រត់ម៉ូតូឌុបមិនកាក់កប បែកគំនិតលួចម៉ូតូ ចៃដន្យអាក្រក់ជាប់ខ្នោះ របស់សមត្ថកិច្ច

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិវៀតណាម ម្នាក់ត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួនឲ្យសមត្ថកិច្ចមកសាកសួរ ពាក់ពន្ធ័ករណីលួចម៉ូតូរបស់ ប្រជាពលរដ្ឋមិនបានសម្រេច កាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅមុខបន្ទប់ជួល ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ត្រឹង យ៉ាំងកាន់ អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបររត់ម៉ូតូឌុបមានទីលំនៅធឹងចឹង ឃុំឡើយធឹង ស្រុកបេនកូវ ខេត្តតៃនិញ ។

ចំណែកម្ចាស់ម៉ូតូមានឈ្មោះ ធូក រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ កាសុីណូពិភពថ្មី មានទីលំនៅភូមិត្រពាំងស្មាច់ ឃុំខ្សែត ស្រុកកំពង់រោទ៍ ។

ចំណែកម៉ូតូដែលត្រូវជនសង្ស័យលួច មិនបានសម្រេច ម៉ាកហុងដា វ៉េវពណ៍ខ្មៅ ស្លាកលេខ ៧០F១ ៦១២-០២ ។

ប្រភពបន្តថា តាមពាក្យបណ្ដឹង របស់ជនរងគ្រោះបានប្រាប់ សមត្ថកិច្ចថា បន្ទាប់ពីត្រឡប់មកពីធ្វើការ រូបខ្លួនបានទុកម៉ូតូនៅមុខបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយងងុយដេកពេក ក៏លង់លក់មួយស្របក់ស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពអូសម៉ូតូទើបគាត់ស្រែកចោរៗ និងបើកទ្វារដេញចាប់បង្កការ ភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីបំពេញសុំណុំរឿងតាមច្បាប់ ៕ យឹមសុថាន


ចែករំលែក៖