ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០២០ ផ្លូវថ្នល់នៅតាមមូលដ្ឋាន គឺត្រូវប្តូរពីផ្លូវក្រាលខ្សាច់ភ្នំ ទៅជាផ្លូវចាក់ប៉េតុង ឬផ្លូវអ៊ុតកៅស៊ូ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកម៉ែន វិបុល បានថ្លែងថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០២០តទៅ រាល់គម្រោង និងកញ្ចប់ថវិកាសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមមូលដ្ឋាន គឺត្រូវប្តូរពីផ្លូវក្រាលខ្សាច់ភ្នំ ទៅជាផ្លូវចាក់បេតុង ឬផ្លូវចាក់កៅស៊ូ ទោះបីកញ្ចប់ថវិកានោះ តិច ឬច្រើនក៏ដោយ ដើម្បីធានាបាននូវគុណភាពយូអង្វែង ។

ការថ្លែងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ៣កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ក្នុងវេទិកាពិគ្រោះយោបល់ក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០១៩។

លោកអភិបាលខេត្ត ក៏បានថ្លែងនូវការអរគុណចំពោះមន្ទីរផែនការខេត្ត និងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ដែលបានសហការរៀបចំវេទិកានេះឡើង និងសម្ដែងនូវការកោតសរសើរចំពោះមន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ និងជួយគាំទ្រក្នុងការអនុវត្តគម្រោង និងផែនការសកម្មភាព ដែលមានកំណត់នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល កន្លងទៅ បានល្អប្រសើរ ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានសំណូមពរឲ្យសមាជិក សមាជិកានៃអង្គវេទិកាទាំងមូល ចូលរួមបញ្ចេញមតិយោបល់ឲ្យបានផុលផុស ជួយគាំទ្ររាល់គម្រោងដែលបានលើកឡើង និងធ្វើយ៉ាងណាបង្រួមសកម្មភាពក្រៅគម្រោងឲ្យនៅតិច ដោយបញ្ចូលសកម្មភាពទាំងនោះទៅក្នុងគម្រោងឲ្យបានច្រើន ធ្វើយ៉ាងណាឲ្យការរៀបចំគម្រោងវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ របស់ខេត្ត កាន់តែមានភាពសុក្រឹត្យ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងធានានូវភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នារវាងគ្រប់អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ផែនការអភិវឌ្ឍន៍ខេត្តប្រាំឆ្នាំ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យ រួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន ឈានទៅកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស ។

លោកបានបន្តថា ចំពោះការអភិវឌ្ឍក្រុងបាវិតចាប់ពីឆ្នាំ២០២០ខាងមុខនេះ រដ្ឋបាលខេត្តស្វាយរៀង នឹងរៀបចំកញ្ចប់ថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្រុងឲ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ផងដែរ ៕ យឹម សុថាន


ចែករំលែក៖