ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួន បុរសជនជាតិវៀតណាមម្នាក់ ក្នុងករណីបង្ខាំងមនុស្សទុក ជំរិតទារប្រាក់ និងរំដោះបានជនរងគ្រោះ ម្នាក់កាលពីវេលាម៉ោង៥ និង២០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បន្ទប់លេខ ២១១៥ សណ្ឋាគារ កាសុីណូក្រោន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបាន ឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ វ៉ូ ថាន់ទុង អាយុ២៥ឆ្នាំ ជនជាតិ វៀតណាមមុខរបររ៉ូលីញ មានទីលំនៅឃុំ ឡើយហឹង ស្រុកមីឌឹក ទីក្រុងហាណូយ ប្រទេសវៀតណាម កាន់លិខិតឆ្លងដែនលេខ C8085133 ។
ចំណែកជនរងគ្រោះមាន ឈ្មោះ ង្វៀង យ៊ាំងងារ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិថិនហុង ឃុំថិនដៀង ស្រុកចូវថាន់ ខេត្តតៃនិញ គ្មានលិខិតឆ្លងដែន ។
ប្រភពបានបន្តទៀតថា មូលហេតុនោះគឺជនរងគ្រោះ បានខ្ចីប្រាក់ចំនួន ៣០០០ USD (បីពាន់ដុល្លារ) ពីជនសង្ស័យ រួចយកទៅលេងល្បែងចាញ់ អស់ ហើយគ្មានប្រាក់សងទើបរូបគេចាប់បង្ខាំងទុកឲ្យសាច់ញាតិ មកលោះ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច នគរបាលឃាត់ខ្លួនដើម្បីកសាង សំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន