ភ្នំពេញ៖ នៅព្រឹកថ្ងៃទី 30 ខែតុលា ឆ្នាំ 2019 លោកព្រំបូរដែលអះអាងខ្លួនជាម្ចាស់ដីស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវបានចេញមកឃាត់គ្រឿងចក្រ និងសុំឲ្យអាជ្ញាធរខណ្ឌឬសី្សកែវបញ្ឈប់ការចាក់ដីសិនរង់ចាំការសម្រេចរបស់តុលាការ ។ ប៉ុន្តែការស្នើសុំ និងផុតនូវគ្រឿងចក្រកុំឲ្យចាក់ និងឈូសឆាយដីតំបន់ខាងលើមិនបានសម្រេចដូចបំណងរបស់លោកនោះឡើយដោយអាជ្ញាធរនៅតែអនុវត្តជំហរគោលការណ៍របស់សាលារាជធានីភ្នំពេញដដែលពោលគឺមិនរុញរានោះឡើយ ។
សូមបញ្ជាក់ថា អាជ្ញាធរខណ្ឌឫស្សីកែវបានអនុវត្តនូវវិធានការខាងលើនេះអស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយដោយប្រើប្រាស់ទាំងកម្លាំងសមត្ថកិច្ច និងសន្តិសុខបូករួមជាមួយនឹងអាជ្ញាធរថ្នាក់សង្កាត់ភូមិផងដែរ ។
សំណង់តូចធំ និងរបងដែលស្ថិតនៅក្នុងដីតំបន់អភិវឌ្ឍន៍ត្រូវបានអាជ្ញាធរវាយកំម្ទេចទាំងស្រុងរៀបដល់ដីហើយបានដឹកដីចាក់ និងឈូកបង្រៀបដើម្បីបើកផ្លូវតាមគោលការរបស់ថ្នាក់លើ ។
កន្លងមកអាជ្ញាធរបានបញ្ជាក់ម្ដងហើយម្ដងទៀតការចុះអនុវត្តគឺអនុវត្តតាមផែនការអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញក៏ដូចជាថ្នាក់ជាតិក្នុងគោលបំណងសំដៅស្វែងរក និងដកហូតយកដីសាធារណៈរបស់រដ្ឋមកគ្រប់គ្រងវិញក្នុងតំបន់អភិវឌ្ឍន៍ខណ្ឌឬស្សីកែវ ។ តែផ្ទុយទៅវិញលោកព្រំបូរបានអះអាងខ្លួនក៍ជាជនរងគ្រោះបានបញ្ជាក់ថាលោកមិនជំទាស់ក្នុងការអភិវឌ្ឍន៍ និងបើកផ្លូវរបស់អាជ្ញាធរនោះទេតែហេតុអីបានយកដីរបស់គាត់ទៅចែកឲ្យអ្នកផ្សេងទៅវិញ ។
បច្ចុប្បន្នទីតាំងដែលអាជ្ញាធរបានអនុវត្តបើកផ្លូវជាច្រើនខ្សែនៅតំបន់អភិវឌ្ឍន៍ខណ្ឌឬស្សីកែវនេះឋិតនៅក្នុងភូមិទួលពពែសង្កាត់ទួលសង្កែ 2 ។
បើតាមអ្នកដឹងរឿងរ៉ាវនៅតំបន់អភិវឌ្ឍន៍ខណ្ឌឬស្សីកែវបានលួចបង្ហើបឲ្យដឹងថាបច្ចុប្បន្ននៅតំបន់អភិវឌ្ឍន៍នោះមានអ្នកខ្លះរង់គ្រោះបាត់បង់ដីរបស់ខ្លួនខ្លះទៀតក៏សប្បាយចិត្តបានដីរាប់ឡូចែកគ្នាផងដែរ ៕ អារុណរះ