ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌទួលគោក នាំខ្លួនជនដៃដល់ឈ្មោះ មាស ណារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានមុខងារជាសន្តិសុខ យកទៅដាក់ពន្ធនាគារព្រៃសបណ្ដោះអាសន្នរង់ចាំជំនុំជម្រះទោសតាមច្បាប់នាពេលក្រោយ ។
ការសម្រេចឃុំខ្លួនជនដៃដល់ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីតំណាងអយ្យការលោក សេង ហៀង បានសម្រេចចោទប្រកាន់លើជននេះ ពីបទ «ឃាតកម្មគិតទុកជាមុន» ប្រព្រឹត្តលើបងថ្លៃឈ្មោះ ជួប រតនា អាយុ៤៦ឆ្នាំ មានមុខរបរជាគ្រូបង្រៀននៅវិទ្យាល័យពងទឹក ។
គួររំលឹកថា កាលពីវេលាម៉ោង១១ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ មានករណីបាញ់សម្លាប់មួយបានកើតឡើង នៅជិតភ្លើងស្តុបណូគៀរ ខណ្ឌទួលគោក បង្កឡើងដោយប្អូនថ្លៃ បានយកកាំភ្លើងទៅបាញ់សម្លាប់បងថ្លៃរបស់ខ្លួនបណ្តាលឲ្យស្លាប់ នៅក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ។
ក្រោយកើតហេតុតែបន្តិច ជនដៃដល់រូបនេះបានចូលខ្លួនសារភាពដល់ប៉ុស្តិ៍នគរបាលទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយនៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថា «ខ្ញុំបាញ់៣ ទៅ៤គ្រាប់… ត្រូវ៣គ្រាប់។ ទាំងនេះគឺមកពី គំនុំជាង១០ឆ្នាំហើយ ដោយសារតែផ្តើមចេញពីគំនុំពាក្យសម្តី ព្រោះថា គេធ្វើអីក៏ខុសៗ ព្រមទាំងមានសម្ពាធខាងគ្រួសារខ្លាំងផងដែរ ។
ជនដៃដល់បានសារភាពទៀតថា ខ្ញុំធ្លាប់ហៅគាត់ហូបស្រាបៀរ មួយកំប៉ុងទៅ ហើយខ្ញុំថាខ្ញុំលើកលែងឲ្យគាត់ ។ ប៉ុន្តែបែរជាបងថ្លៃខ្ញុំនៅតែនិយាយពាក្យមិនល្អ ចំពោះខ្ញុំដដែលៗ ទើបសម្រេចចិត្តធ្វើបែបនេះតែម្តង »៕ស តារា