ក្នុងនាមប្រជាពលរដ្ឋម្នាក់ នៅរាជធានីភ្នំពេញកត់សម្គាល់ឃើញថា ចិញ្ចើមផ្លូវសហព័ន្ធរស្ស៊ី ដែលក្រុមហ៊ុនមួយសន្យាថានឹងធ្វើរៀបចំការូឡាឲ្យស្អាតបាតនោះ មកដល់ពេលនេះមិនទាន់បានឃើញធ្វើនៅឡើយទេ បើទោះបីជាផ្លូវនេះមានសារសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏ដោយ។ ប្រការនេះធ្វើឲ្យមានការយល់ច្រលំថា អាជ្ញាធរបណ្តែតបណ្តោយឲ្យក្រុមហ៊ុនម៉ៅការ ជួសជុលចិញ្ចើមផ្លូវ មិនគោរពតាមការសន្យា។
បើតាមការកត់សម្គាល់របស់នាងខ្ញុំ គឺក្រុមហ៊ុនបានសន្យាជួសជុលចិញ្ចើមផ្លូវតាំងពីអំឡុងមុនចូលឆ្នាំខ្មែរប្រពៃណីជាតិ ប៉ុន្តែរហូតមកដល់ពេលនេះមិនមានឃើញឥដ្ឋមួយដុំ ត្រូវបានរៀបចំលើចិញ្ចើមផ្លូវនោះឡើយ។ ដោយសារតែចិញ្ចើមផ្លូវមិនបានជួសជុលរៀបឥដ្ឋឲ្យបានស្អាតបាត ទើបធ្វើឲ្យអ្នកដំណើរ បង្ខំចិត្តដើរលើចិញ្ចើមផ្លូវ ដែលប្រការនេះនាំឲ្យផ្លូវកាន់តែរួមតូច។ ក្រៅពីមិនអាចធ្វើដំណើរបានប្រជាពលរដ្ឋមួយចំនួនបានប្រកបរបររកស៊ីលើចិញ្ចើមផ្លូវលក់ដូរតាមរទេះ ដែលកាន់តែធ្វើឲ្យផ្លូវរួមតូចថែមទៀត។
នាងខ្ញុំរំពឹងថា អាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការជំរុញឲ្យក្រុមហ៊ុនជួសជុលចិញ្ចើមផ្លូវនេះ ធ្វើការងាររបស់ខ្លួនឲ្យបានឆាប់រហ័ស។ កាលពីប៉ុន្មានខែមុន តាមរយៈការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ក្រុមហ៊ុនឯកជនមួយបានសន្យាថា នឹងរៀបចំចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ីឲ្យបានស្អាតបាត។ ប្រជាពលរដ្ឋអបអរសាទរចំពោះផែនការនេះ ដោយរំពឹងថា ចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ីនឹងល្អស្អាត ជាពិសេសគ្មានអ្នកលក់ដូរអនាធិបតេយ្យនោះទេ។ ប៉ុន្តែក្តីរំពឹងមិនទទួលបានលទ្ធផលជាវិជ្ជមាននោះឡើយ។ ដូច្នេះអាជ្ញាធរគួរតែជំរុញក្រុមហ៊ុនឲ្យឆាប់ស្ថាបនាចិញ្ចើមផ្លូវនេះផង។ ជាពិសេសអាជ្ញាធរមើលអ្នកលក់ដូរតាមរទេះលើផ្លូវដ៏សំខាន់មួយនេះផង៕ ប្រជាពលរដ្ឋម្នាក់