ខេត្តសៀមរាប៖ ឪពុកម្តាយរវល់ទៅធ្វើការនៅខេត្តព្រះវិហារ ទុកកូនៗនៅចាំផ្ទះ ស្រាប់តែគ្រោះអកុសល អគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង បន្ទាប់ពីកូនច្បងអុជធូបនៅកន្លែងអាសនៈរបស់ម្តាយ រួចនាំគ្នាដើរលេង ។
ហេតុការណ៍បង្កភ្ញាក់ផ្អលើនេះកើតឡើងនៅវេលាម៉ោង០៧ នឹង១០នាទីព្រឹក ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩ នៅចំណុច ភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។
អធិការនគរបាលស្រុកពួក គឺលោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឈឿយ ឈីភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ កសិករ ប្រពន្ធឈ្មោះ ពាត់ ថា អាយុ៤៨ឆ្នាំ មុខរបរ កសិករមានទីលំនៅភូមិ -ឃុំកើតហេតុខាងលើ បានចេញទៅធ្វើការនៅខេត្តព្រះវិហារ អស់រយៈពេល១ខែហើយ ដោយទុកឲ្យកូនៗរបស់គាត់០៣នាក់ នៅចាំផ្ទះ ។
លោកបន្តថា មុនពេលកើតហេតុ៖ឈ្មោះ ឈី ឆាន ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះរងគ្រោះបានយកធូប ១២សសៃ មកអុជធូបនៅកន្លែងអាសនៈរបស់ម្តាយ ខាងលើផ្ទះហើយចាក់សោ រួចនាំប្អូន០២នាក់ទៀតទៅលេងផ្ទះក្បែរនោះប្រមាណ៥០ម៉ែត្រ ស្រាប់តែមានផ្សែងហ៊ុយ ចេញពីក្នុងផ្ទះ ហើយបានរត់ទៅរកអោយគេជួយ តែភ្លើងបានឆេះខ្លាំងបាត់ហើយ ។
លោកបន្ថែមថា ករណីនេះបណ្ដាលឲ្យឆេះផ្ទះ០១ខ្នង ទំហំ ៧គុណ៦ម៉ែត្រ កម្ពស់០៣ម៉ែត្រ ជញ្ជាំងក្តារឈើ ប្រក់ក្បឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះទាំងស្រុក ។ លោកបញ្ជាក់ថា មូលហេតុនេះបណ្តាល មកពីការធ្វេសប្រហែស របស់កូនឈ្មោះ ឈី ឆាន និងឪពុកម្ដាយមិននៅផ្ទះ ។ ករណីនេះពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ៕ ប៊ុនរិទ្ធី