ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចដឹកម៉ាសុីនភ្លើងបុកបង្គោលភ្លើង បោលធ្លាក់ប្រឡាយត្រាំទឹកស្អុយ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស្ទូចមួយគ្រឿងមានដឹកម៉ាសុីនភ្លើង បោលលឿនជ្រុលទៅទៅធ្លាក់ត្រាំទឹកស្អុយ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ខ្ទេចមួយដើម កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ប្រភេទរថយន្តស្ទូច ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-1387 ដឹកម៉ាសុីនភ្លើង បើកពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចខាងលើរេចង្កូតទៅស្តាំ ជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ បុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់ខ្ទេចអស់មួយដើម បែកទាំងខឿនមាត់ប្រឡាយ តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ។

តាមបុរសម្នាក់ជាអ្នកបើកបររថយន្តខាងលើ តែមិនប្រាប់ឈ្មោះ បានឲ្យដឹងថា មុនកើតហេតុ គាត់ដឹកម៉ាសុីនភ្លើងមួយគ្រឿង ចេញពីភ្នំពេញក្នុងគោលបំណង់យកទៅក្រុងព្រះសីហនុ លុះមកដល់ចំណុចខាងលើ រថយន្តបែកកង់មុខខាងស្តាំ ទើបទាញរេធ្លាក់ចូលប្រឡាយតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រាល់ផលប៉ះពាល់ បាកខូចខាតបង្គោលភ្លើង ត្រូវបានប្រគល់រថយន្តខាងលើ ទៅឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង រង់ចាំ ដោះស្រាយតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖