ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ក្លាយជាអ្នកទោស ក្រោយឆក់ទូរស័ព្ទពីនារីម្នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ខណៈដែររូបគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចហើយគេចខ្លួនអស់រយៈពេល៤ម៉ោង ។

ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ផន ណេត ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (ប្រើប្រាស់គ្រឿងញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ភិន សោភា ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទុកទូរស័ព្ទដៃម៉ាក Oppo-S11 Pro ពណ៌ខៀវ ស៊ីមលេខ ០៩២ ៤២២ ៥៧៣ សៀតក្នុងកាបូប ពណ៌ខ្មៅ ស្ពាយចំហៀងរួចជិះម៉ូតូទៅលក់ខោអាវនៅផ្សាររាត្រី ។ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដើរមកជិតជនរងគ្រោះ រួចឆ្លៀតឱកាសឆក់យកទូរស័ព្ទដៃបានសម្រេចហើយ រត់គេចខ្លួនបាត់តែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះក៏ទៅដាក់ពាក្យបណ្តឹងនៅទីស្នាក់ប៉ុស្តិ៍ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដើម្បីជួយធ្វើអន្តរាគមន៍ លុះដល់ម៉ោង៨យប់ ថ្ងៃដដែល ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមនឹងវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ៕ សណ្ដោស


ចែករំលែក៖