ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថចុះល្បាតប្រទះឃើញទូកដឹកឈើមួយគ្រឿងនៅកណ្តាលទន្លេក៏បង្ក្រាបចាប់បញ្ជូនឲ្យជំនាញភ្លាម

ចែករំលែក៖

ខេត្តក្រចេះ៖ ទូកឈើព្យាងមួយគ្រឿង ដែលបានដឹកឈើចុះមកពីលើ តាមបណ្តោយទឹកមកក្រោមនៅចំកណ្តាលទន្លេមេគង្គ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរី ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ឹង ចិត្រាស្ទាក់បង្ក្រាបបានភ្លាមៗ តែឈ្មួញជាម្ចាស់ ដែលនៅលើទូកដឹងខ្លួនទាន់ ក៏លោតចូលក្នុងទឹក គេចខ្លួនបាត់ស្រមោល ។

កម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបទូកព្យាងដឹកឈើមួយគ្រឿងនោះ បានធ្វើឡើងនៅវេលាម៉ោង០៤ទៀបភ្លឺ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។

ឈើដែលនៅក្នុងទូកព្យាងដែលបង្ក្រាបបាននោះ សមត្ថកិច្ចថា មិនទាន់បានវាស់វែងដឹងចំនួនពិតប្រាកដនៅឡើយទេ ហើយក៏បានប្រគល់ទៅឲ្យកម្លាំងរដ្ឋបាលព្រៃឈើថ្មគ្រែបន្តដើម្បីធ្វើការវាស់វែង និងចាត់ការតាមនីតិវិធីព្រៃឈើ ។

កម្លាំងសត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់ ព្រោះចាប់បានទូកហើយ មិនអាចគេចខ្លួនទៅណារួចទេ ។

ចំណាត់ការដ៏ក្តៅគគុករបស់កងកម្លាំអាវុធហត្ថខេត្តក្រចេះ​នេះ លោកតែងតែបង្ក្រាបទប់ស្កាត់បានទាន់ពេលវេលា មិនថាផ្លូវទឹក ឬផ្លូវគោក យោងតាមបទបញ្ជារបស់លោកឧត្តម្ភសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ ក៏ដូចជាបទបញ្ជារបស់លោកសៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះផងដែរ ៕ ជីវ័ន្ត


ចែករំលែក៖