ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ២នាក់បានស្លាប់ ជាបន្តបន្ទាប់ និង ១នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ២១.២២.២៣ ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ ។
របាយការណ៍នគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥២,១៥៣ ស្ថិតក្នុងភូមិកំពុងលើ ឃុំក្បាលត្រាច ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកជិះម៉ូតូ និងរថយន្តកែច្នៃ បណ្ដាលឲ្យភាគីជិះម៉ូតូរងរបួសធ្ងន់ ។
របាយការណ៍ខាងលើបន្តថា នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៩,១៦០ ស្ថិតក្នុងភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរដដែល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងម្ដងទៀត រវាងអ្នកបើកបររថយន្តមិនស្គាល់ម៉ាក(គេចបាត់) បានបុកមនុស្សវិកលចរិកបណ្ដាលឲ្យស្លាប់ភ្លាមៗ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានកំពុងស្វែងរកសាច់ញាតិ ។
ដោយឡែក៖ របាយការណ៍នគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ឯនេះវិញ នៅលើកំណាត់ផ្លូវថ្នល់កៅស៊ូលេខ១៥៥ ត្រង់ចំណុចប៉ារ៉ាស់ដែកការពារផ្លូវទល់មុខ មូលដ្ឋានកងរាជអាវុុធហត្ថក្រុងពោធិ៍សាត់ ស្ថិតក្នុងភូមិស្ទឹងតូច សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ ដោយបុរសម្នាក់ជិះម៉ូតូបុករថយន្តដឹកគ្រឿងចក្រ ដែលកំពុងចតរង់ចាំគេចាក់សោរបើកប៉ារ៉ាស់ដែកខាងលើ បណ្ដាលឲ្យរងរបួស និងស្លាប់នៅគ្រាដែលសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ ។
នគរបាលស្រុកក្រគរ និងក្រុងពោធិ៍សាត់ បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ នគរបាលជំនាញចរាចរណ៍ផ្លូវគោកកំពុងមមាញឹកបន្តនីតិវិធី ៕ បុឹម ពិន