ភ្នំពេញ៖ ដូចពាក្យមហាជនតែនិយាយថា ការសិក្សាពិតជាឥតដែនកំណត់ ទោះបីជាអ្នកទាំងនោះ ជាអ្នកមានទ្រព្យជានាយយកក្រុមហ៊ុនឬជាសាស្ត្រាចារ្យក្ដី ក៏នៅតែឆ្លៀតសិក្សាបន្ថែមលើជំនាញដែលខ្លួនខ្វះខាត។ ជាក់ស្ដែង លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ដែលធ្លាប់មានប្រវត្តិជាអ្នករត់ម៉ូតូឌុប ហើយបច្ចុប្បន្នជាអ្នកជំនួញ និង ជាសាស្ត្រាចារ្យបង្ហាត់បង្រៀនវគ្គបុគ្គលជោគជ័យ នៅថ្ងៃនេះបានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យល្បីឈ្មោះមួយ នៅអាមេរិក Universal Ministries of The King’s College (UM.KC.) បន្ទាប់ពីលោកឧកញ៉ាបានចំណាយលើការសិក្សា ខិតខំសរសេរសារណាការពារ អស់ពេលជាច្រើនឆ្នាំមក។
សញ្ញាប័ត្របណ្ឌិតកិត្តិយស ដែលលោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ទទួលបានពីសាកលវិទ្យាល័យUniversal Ministries of The King’s College លើជំនាញ”អភិវឌ្ឍន៍សង្គម” ដោយលោកឧកញ៉ា បានទទួលកាលពីថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ពិធីប្រគល់បានធ្វើនៅពីទីក្រុងហុងកុង។ថ្លែងពីទីក្រុងហុង លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានឲ្យដឹងថា លោកពិតជាសប្បាយចិត្តក្រៃលែង នៅពេលដែលការខិតខំប្រឹងរៀនសូត្រ រហូតទទួលបានជយលាភី។ លោកថា លោកនឹងនាំនៅជំនាញដែលទទួលបាននេះ ទៅចែករំលែកដល់ យុវជននៅកម្ពុជា ដើម្បីជាចំណេះដឹងចូលរួមអភិវឌ្ឍន៍សង្គមឲ្យកាន់តែរីកចម្រើនថែមទៀត។
គូររំលឹកផងដែរថា ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ធ្លាប់ជាអតីត ជាអ្នករត់ម៉ូតូឌុប ដោយសារភាពតស៊ូអត់ធ្មត់ ពីសំណាក់ការមាក់ងាយពីមនុស្សដែលនៅជុំវិញខ្លួនធ្វើឲ្យលោកលះបង់ កំលាំងកាយ និងកំលាំងចិត្ត ជំនះរាល់ឧបសគ្គទាំងឡាយដែលមាននៅចំពោះមុខរហូតមកដល់ បានក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុនវិនិយោគមួយដោយផ្តោតលើវិស័យអចនទ្រព្យ ដីធ្លី បានទទួលជោគជ័យរហូតដល់សព្វថ្ងៃនេះ។ អ្វីដែលជាមោទនភាពនោះ ថ្មីៗនេះលោកទើបតែត្រូវបានព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា បន្ទាប់ពីលោកបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើន ជួយដល់សង្គមជាច្រើនកន្លងមក៕ វឌ្ឍនា