ខេត្តកណ្ដាល៖ មានករណីប្រើប្រាស់អំពើហិង្សាមួយកើតឡើង កាលពី វេលាម៉ោង ៩យប់ស្ថិត ថ្ងៃ សៅរ៍ ១២រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបុរសជាប្តីវាយប្រពន្ធ ។
ប្រភពព័ត៌ពីមន្រ្តីនគរបាល ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈាង ម៉ូលីលី ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកការស៊ីណូ រស់នៅភូមិ/ឃុំខាងលើ (ប្រពន្ធ) ។ ចំណែកជនសង្ស័យ ឈ្មោះ ឃឿន ភូមិរ៉ា ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (ប្តី)។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹង កន្លងមកជនសង្ស័យធ្លាប់ប្រព្រឹត្តអំពើហិង្សាលើប្រពន្ធជាច្រើនលើកមកហើយប្រពន្ធបានទៅរស់នៅផ្ទះឪពុកម្តាយ ក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម រយៈពេល៣ខែមកហើយ។ លុះមកដល់ថ្ងៃកើតហេតុជនរងគ្រោះកំពុងអង្គុយហូបបាយជាមួយមិត្តភក្តិនៅក្នុងផ្ទះ ឈ្មោះ មុំ ភមរ៉ា ភេទប្រុស អាយុ ៥៥ ឆ្នាំ ស្រាប់តែជនសង្ស័យដើរមកដល់យកកូនកាំបិតចុងស្រួចស្ទុះទៅរកចាក់ជនរងគ្រោះជាប្រពន្ធតែអ្នកជិតខាង
ឃើញជួយឃាត់ទាន់។ បន្ទាប់មកកូនជនរងគ្រោះទាំងពីរនាក់មកអង្វរដកយកកាំបិតចេញពីដៃឪពុកហើយឪពុកមិនអស់ចិត្តបែរជាស្ទុះទៅយកដែកគន្លឹះទ្វារក្បែរនោះមកវាយក្បាលប្រពន្ធបណ្តាលឲ្យបែកហូរឈាមដេរ១០ថ្នេរ។ ឃើញដូច្នេះ អ្នកនៅទីនោះបានជួយឃាត់ ហើយឈ្មោះ អោម ស៊ីណា បានរាយការណ៍ទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំឲ្យជួយអន្តរាគមន៍។
ក្រោយទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ស្វាយជ្រុំបានចុះមកធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាមួយវត្ថុតាងចាប់យក មានកាំបិតបុ័ងតោ ចំនួន១ កាំបិតចុងស្រួចចំនួន ១ និងដែកគន្លឹះទ្វារចំនួន១ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីតែម្តង ៕ ប្រាថ្នា