ព័ត៌មានទាន់ហេតុការណ៍៖

ភាពយន្ត​ខ្មែរ ១៨ រឿង​ត្រូវ​ដាក់​បញ្ចូល​ដណ្ដើម​ជយលាភី​ក្នុង​មហោស្រព​ភាពយន្ត​ទី៦

ចែករំលែក៖

ភ្នំពេញ៖ សាលមហោស្រពខ្សែភាពយន្តជាតិលើកទី០៦ ឆ្នាំ២០១៩ មានការចូលរួមពីបណ្ដាផលិតករ ដែលផលិតខ្សែភាពយន្តល្បីៗៗជាច្រើនដែលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមយកខ្សែភាពយន្តរបស់ខ្លួនមកដាក់បង្ហាញនិងធ្វើការប្រកួតប្រជែង ។ ក្នុងនោះគេសង្កេតឃើញថា សម្រាប់ឆ្នាំ២០១៩នេះ ទាំងគុណភាពនៃខ្សែភាពយន្តនិងចំនួនខ្សែភាពយន្ត ដែលយកមកប្រកួតប្រជែងឆ្នាំនេះ មានចំនួនការកើនឡើងរហូតដល់១៨ ។

មហោស្រព​នេះ រៀប​ចំ​ដោយ​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​វ​វិច្ឆិកា​ឆ្នាំ​២០១៩ ។ ភាពយន្ត​ទាំង ១៨​រឿង​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ដើម្បី​ប្រកួត​ប្រជែង​គុណភាព​ក្នុង​មហោស្រព​ភាពយន្ត​លើក​ទី​៦​នេះ មាន៖១/​កំពូល​អ្នក​ថត​សែ​ល​ហ្វី ២/​មួយ​ថ្ងៃ​នៅ​ជន​បទ ៣/​ព្រឺ ៤/​ត្បូង​ភ្លោះ ៥/​ណូលី​ណូ​ឡា ៦/​លោក​ឪពុក​ ៧/​ផ្ទះ​ចុង​ភូមិ​​ ៨/​ព្រលឹង​​ ៩/​អនុស្សាវរីយ៍​ចូលឆ្នាំ ១០/​ស្នេហា​ក្មេងៗ ១១/​វាល​ប្រមាញ់ ១២/​ទាយាទ​អា​គម​​ ១៣/​វិបល្លាស​​ ១៤/​ស្នេហ៍​ស្វយ័​គុណ​បួន ១៥/​នាឡិកា​ដាស​វិញ្ញាណ ១៦/រូហ្សា ៥ ១៧/​ទារុណកម្ម​ខ្មោច និង​ទី១៨ គឺ​រឿង “ធ្មប់” ។

ភាពយន្ត​ទាំង​អស់ នឹង​ត្រូវ​ប្រកួត​គ្នា​ដើម្បី​​ទទួល​បាន​ពាន​រង្វាន់​ជា​ភាព​យន្ត​ឆ្នើម ។ ដោយ​ឡែក ពានរង្វាន់​ផ្សេង​ទៀត​មាន​ក្នុង​មហោស្រព រួម​មាន ពាន​តា​រា​ឯក​ប្រុស​​ ស្រី​សម្ដែង​ឆ្នើម អ្នកនិពន្ធ​ឆ្នើម និង​ពាន​អ្នក​ដឹក​នាំ​រឿង​ឆ្នើម​ជា​ដើម ។ ក្រៅ​ពី​នេះ ក៏​មាន​ពាន​សម្រាប់ អ្នក​ថត​​ អ្នក​កាត់ត អ្នក​ផ្គុំ​សំឡេង អ្នក​រៀបចំ តុបតែង​ឆាក​ថែម​ទៀត ។

ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ប៉ុក បូរ័ក្ស ក៏​បាន​ឲ្យ​ដឹង​ដូច​គ្នា​ដែរ ។ លោក​ថា មាន​សញ្ញាណ​ល្អ​ច្រើន​សម្រាប់​មហោស្រព​ភាពយន្ត​ជាតិ​ឆ្នាំ​នេះ ពោល​គឺ​កើន​ឡើង​ទាំង​បរិមាណ និង​គុណភាព ។ កាល​ពី​ឆ្នាំ​ទៅ ចំនួន​ភាពយន្ត​ចូល​រួម​មាន​ត្រឹម ១៤ ប៉ុន្តែ​ឆ្នាំ​នេះ មាន​ដល់​ទៅ ១៨ ។ បរិមាណ​ជា​រឿង​មួយ ប៉ុន្តែ​គុណភាព​រឹត​តែ​សំខាន់ ហើយ​ឆ្នាំ​នេះ លោក​មើល​ឃើញ​ថា មាន​ភាពយន្ត​គុណភាព​ល្អ​ច្រើន​បាន​ចូល​រួម ។ ដូច្នេះ​ក្នុង​នាម​ជា​អាណាព្យាបាល លោក​មោទកភាព​ចំពោះ​ការ​រីកចម្រើន​នេះ នឹង​សំណូម​ពរ​បង​ប្អូន​ផលិតករ បន្ត​ផលិត​ភាពយន្ត​ដោយ​ផ្ដោត​លើ​គុណភាព​ជា​សំខាន់ ។ ទាំង​លោក បូរ័ក្ស និង​លោក ហ្វៃ សំអាង សុទ្ធ​តែ​អះអាង​ចង់​ឲ្យ​ការ​ផលិត​ផ្ដោត​លើ​គុណភាព ដើម្បី​ផលិតផល​ភាពយន្ត​របស់​យើង​អាច​ចូល​ទីផ្សារ​អន្តរជាតិ​បាន ដែល​មាន​បច្ច័យ​ល្អ​២ ទី១ ជា​ទី​ដែល​យើង​សង្ឃឹម​ច្រើន​លើ​ការ​ប្រមូល​ទុន​មក​វិញ ជា​ទីផ្សារ​បន្ថែម​លើ​ទីផ្សារ​ក្នុង​ស្រុក​ដែល​នៅ​មាន​ទំហំ​តូច​នៅ​ឡើយ ។ ដោយ​ឡែក​ទី២ គឺ​បាន​បង្ហាញ​ឲ្យ​បរទេស​ឃើញ​ពី​ការ​រីក​ចម្រើន​គុណភាព​ភាពយន្ត​ក្នុង​ស្រុក ។

គួរបញ្ជាក់ដែរថា គ្រប់ស្នាដៃភាពយន្តទាំងអស់ ដែលបានចូលរួមប្រកួតប្រជែង នឹងត្រូវពិនិត្យវាយតម្លៃ វិនិច្ឆ័យ ដោយផ្អែកលើស្នាដៃឯកទេសសំខាន់ៗ៨រួមមាន៖ ស្នាដៃ អត្ថបទ និពន្ធភាពយន្ត, ស្នាដៃដឹកនាំរឿង,ស្នាដៃថត, ស្នាដៃសម្តែង, ស្នាដៃតុបតែងឆាក, ស្នាដៃដំឡើងរូបភាព និងស្នាដៃផ្ដុំសំឡេងដោយឆ្លងតាម គោលការណ៍វិនិច្ឆ័យ និងជ្រើសរើសជា២ដំណាក់កាល៖ ដំណាក់កាលទី១៖ ពិនិត្យជ្រើសរើសជម្រុះយកស្នាដៃភាពយន្តឆ្នើមចំនួន០៨រឿងក្នុងចំនោម១៨រឿងសម្រាប់ចូលរួមប្រកួតផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់មហោស្រព ។ ដំណាក់កាលទី២៖ ស្នាដៃភាពយន្តដែលបានជ្រើសរើសក្នុងដំណាក់កាលទី១ នឹងត្រូវពិនិត្យវាយតម្លៃជ្រើសរើសជាជ័យលាភីរបស់មហោស្រពភាពយន្តជាតិលើកទី៦ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៩ខែវិច្ឆិកា ឆ្នាំ២០១៩៕ វឌ្ឍនា


ចែករំលែក៖