ខេត្តសៀមរាប៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជំនាញដើរលួចលូកយកកាបូបលុយតាមទីផ្សារនៅចំណុចផ្សារចាស់ ខណៈពេលជនរងគ្រោះដើរទិញម្ហូបក៏បានដឹងទាន់ពេលហើយប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៩និង៤០នាទីព្រឹក ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ចំណុចក្នុងបរិវេណផ្សារចាស់កន្លែងលក់ត្រី ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា នេះជាបទល្មើសជាក់ស្តែង ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះមាស សារ៉ន ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធនិងករណីអំពើលួច(លូកយកកាបូបប្រាក់ ) ។
តាមការសាកសួរជនរងគ្រោះមាន ឈ្មោះ កេត ម៉ាល័យ ភេទស្រី អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង /ខេត្តសៀមរាប បានឲ្យដឹងថា ខណៈពេលដែលខ្លួនកំពុងដើរ ទិញម្ហូប ស្រាប់តែជនសង្ស័យឈ្មោះ មាស សារ៉ន បានធ្វើសកម្មភាពលួចលូកយកកាបូបដៃដាក់លុយ ម៉ាក LV ពណ៌ ត្នោត ដែលក្នុងនោះមានលុយ ដុល្លារ៦៦៦ដុល្លារ ,លុយខ្មែរ៤៧ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ ០១សន្លឹក, ប័ណ្ណបើកបរឡាន ចំនួន០១, ប័ណ្ណពត៌មានរបស់ធនាគារអេស៊ីលីដាចំនួន០១ ចេញពីកាបូបស្ពាយធំ ពណ៌ត្នោត របស់ជនរងគ្រោះយកទៅក្ដោបទុកនៅនឹងមុខពោះហើយយកកាបូបខ្លួនបាំង តែត្រូវជនរងគ្រោះដឹងខ្លួនក៏ស្រែកឆោឡោឲ្យសមត្ថកិច្ចជួយឃាត់ជនសង្ស័យហើយបានដកយកកាបូបមកវិញ ។
ខណៈនោះសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យខាងលើមកធ្វើការសាកសួរក្រោយពីធ្វើការសាកសួរ ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច យកកាបូប ប្រាក់របស់ជនរងគ្រោះខាងលើពិតប្រាកដមែន បច្ចុប្បន្នសមត្ថកិច្ចដកហូតវត្ថុតាងពីជនសង្ស័យរួមមាន កាបូបដៃដាក់លុយ ម៉ាក LV ពណ៌ត្នោតដែលក្នុងនោះមានលុយដុល្លារ ៦៦៦ដុល្លារ ,លុយខ្មែរ ៤៧ម៉ឺនរៀល,អត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ ០១សន្លឹក, ប័ណ្ណបើកឡាន ចំនួន ០១, ប័ណ្ណពត៌មាន របស់ធនាគាអេស៊ីលីដា ចំនួន០១ ប្រគល់ជូនជនរងគ្រោះវិញ និង កំពុងរៀបចំកសាងសំណុំរឿងបញ្ចូនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
គួរបញ្ជក់ផងដែរថា នៅទូទាំងខេត្តសៀមរាប បន្ទាប់ពីមានករណីចោរកម្មគ្រប់ប្រភេទកើតឡើងយ៉ាងកក្រើតច្រើនករណី ដួចជាគាស់ផ្ទះ ឆក់ ប្លន់ ភ្ជង់ ប្រមុខដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ គណះបញ្ជាការឯកភាពខេត្ត មានការយកចិត្តទុក ដាក់បានស្នើដាក់គោលការណ៍ ស្រាវជ្រាវបង្រ្កាបដោយចាត់ឲ្យនាយកដ្ឋានព្រណ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំមកជួយសហការ ក្នុងនោះស្នងការរងទទួលផែនព្រណ្មទណ្ឌខេត្ត បានលើកទិសដៅដឹកនាំបើកយុទ្ធនាការទូទាំងក្រុង ស្រុកទាំង ១២ បង្កើនការល្បាតពួនស្ទាក់ ជំរុញធ្វើរដ្ឋបាលចំហររៀងរាល់ព្រឹក ចល័តត្រួតពិនិត្យអាវុធជាតិផ្ទុះរៀងរាល់យប់ ស្វែងរកចាប់មុខ សញ្ញាសេសសល់ក្នុងករណីមុខសញ្ញាមានដីកា ដើម្បីជាសេចក្តីសុខ សុវត្ថិភាពសាកសមជាខេត្តទេសចរណ៍ប្រវត្តិសាស្រ្ត ៕ ប៊ុនរិទ្ធី