ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិបរទេសម្នាក់ ដើរដួលសន្លប់បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជួយសង្គ្រោះ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិញ៉ូវហ្ស៊ីឡែនម្នាក់ កំពុងតែដើរស្ពាយសាកកាដូសុខៗ ស្រាប់តែដួលសន្លប់បាត់មាត់ឈឹង ក៏ត្រូវបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះទាន់ពេលវេលាមួយសន្ទុះក្រោយមកទើបដឹងខ្លួនឡើងវិញ ។

ករណីខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៩ នៅចំណុចមុខវត្តសារាវ័ន្ត ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៍មានពីសាក្សីដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាជនជាតិញ៉ូវហ្សឺឡែន មិនស្គាល់ឈ្មោះនោះទេ មានអាយុ៤១ឆ្នាំ មានស្ពាយសាក់កាដូធំៗចំនួន២ គោលបំណងដើរទៅសណ្ឋាគារនៅម្តុំផ្សារកណ្តាល បានដើរតាមបណ្តោយផ្លូវលេខ១៩ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ឈរនិយាយជាមួយនឹងអ្នកលក់ដូរស្រាក្រឡុកនៅក្រោយវត្តសារាវ័ន្តសុខៗ ស្រាប់តែដួលសន្លប់បាត់មាត់ឈឹង ភ្លាមនោះបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាជួយសង្គ្រោះ ដោយយកទឹកក្រូច ព្រមទាំងទឹកបរិសុទ្ធទៅបញ្ចុកគាត់ឲ្យហូបអស់មួយសន្ទុះទើបដឹងខ្លួនវិញ និងដាក់កៅអីឲ្យគាត់អង្គុយ ដើម្បីឲ្យគាត់ស្រួលខ្លួនឡើងវិញ ។

តាមប្រភពពីបុរសជនជាតិបរទេសខាងលើនេះ បានប្រាប់ឲ្យដឹងថា គាត់មានគេធ្វើបាប ជាពិសេសមិត្តភក្តិរបស់គាត់នៅពេលដែលស្រវឹងស្រាម្តងៗ តែងតែវាយដំច្រំធាក់គាត់ ទាំងគាត់ជាជនពិការដៃ និងជើងខាងស្តាំ ហើយគាត់ចង់ឲ្យសមត្ថកិច្ចជួយគាត់ ដើម្បីទៅរកអ្នកដែលធ្វើបាបគាត់នោះ ប៉ុន្តែពេលដើរមកដល់ចំណុចកើតហេតុក៏ដួលសន្លប់តែម្តង ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋក៏បានដឹកបុរសជនបរទេសខាងលើនេះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ័យជំនះ ដើម្បីជួយធ្វើអន្តរាគមន៍ផងដែរ ៕ស រស្មី


ចែករំលែក៖