ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ២៣ និង ១០នាទី ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ នៅចំណុចភូមិពេជ្រគិរី សង្កាត់ប៉ៃលិន ក្រុង ប៉ៃលិន ខេត្ដប៉ៃលិន បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតរបួសធ្ងន់ រួមទាំងខូចខាតម៉ូតូគ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រី លន់ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរពីត្បូងទៅជើង បានស្លាប់នៅកន្លែងកើតហេតុ, ឈ្មោះ រុន គា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្ដបាត់ដំបង រងរបួសធ្ងន់ បើកបរម៉ូតូម៉ាកហុងដា ស៊េរីចាស់ គ្មានស្លាកលេខ បើកបរពីជើងទៅត្បូង និង អ្នករួមដំណើរឈ្មោះ លឹម សូរី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្ដបាត់ដំបង រងរបួសធ្ងន់ ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ករណីខាងលើនេះ បណ្ដាលមកពីកត្ដាយាន គ្មានភ្លើងបំភ្លឺផ្លូវ ។
បច្ចុប្បន្នកម្លាំងជំនាញចរាចរណ៍ នៃអធិការនគរបាលក្រុងប៉ៃលិន បានយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន រង់ចាំការដោះស្រាយ ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ដប៉ៃលិន រីឯសាកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត