ព័ត៌មានទាន់ហេតុការណ៍៖

លួចរថយន្តបានហើយ គេចខ្លួនមួយរយះ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចរថយន្ត HYUNDAI MIGHTY បានសម្រេចកាលពីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្រោយរោងចក្រកាណាឌីយ៉ា ម្តុំលក់ទឹកត្នោតជូរ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ហើយយកទៅលាក់ទុកក្នុងដីឡូត៍មួយកន្លែង តែត្រូវបានកម្លាំងអាវុធហត្ថស្រាវជ្រាវរហូតឃាត់ខ្លួនបាននៅវេលាម៉ោង៣ និង ៣០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ១១ ស្ថិតក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ អែម ចាន់ឌី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នសា្នក់នៅបន្ទប់ជួល ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ខា ស្រីអូន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរអាជីករ មានទីលំនៅផ្ទះលេខ៨ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រថយន្តដែលជនសង្ស័យលួចនោះម៉ាក HYUNDAI MIGHTY (ប្រភេទដឹកទំនិញ ២.៥តោន)ពណ៍ស ផលិតឆ្នាំ២០០៥ ។

មន្ត្រីអាវុធហត្ថបានឲ្យដឹងថា​ ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះថា មានករណីចោរលួចរថយន្តកាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្រោយរោងចក្រកាណាឌីយ៉ា ម្តុំលក់ទឹកត្នោតជូរ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ កម្លាំងក៏បានស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យខាងលើ យកទៅសួរនាំ ។

តាមសួរចម្លើយ​ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចយករថយន្តខាងលើពិតប្រាកដមែនដោយធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ នៅពេលលួចបាន ខ្លួនបានយករថយន្តខាងលើមកផ្លុងចោលនៅដីទំនេរមួយកន្លែង ខាងកើតវត្តអង្គតាមិញ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ៕សុខាសែនជ័យ​


ចែករំលែក៖