ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូឌុបព្រះសង្ឃបុកជាមួយរថយន្តច្នៃ​របួស​ធ្ងន់​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្សម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយរថយន្តច្នៃ នៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ ផ្លូវជាតិលេខ៥៩ ចំណុចខាងលិចវត្តអូរសំព័រ ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ហំ ម៉ៅ ភេទប្រុសអាយុ៣៦ឆ្នាំ (មិនពាក់មួកសុវត្ថិភាព) នៅភួមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាវេវ ពណ៌ខៀវ គ្មានស្លាកលេខ និងមានអ្នករួមដំណើរម្នាក់ជាព្រះសង្ឈព្រះនាមហ៊ន ឆាលី ព្រះជន្ម១៤ព្រះវស្សា គង់នៅវត្ត៩៣ ។ ចំណែកអ្នកបើករថយន្តច្នៃ ត្រូវបានគេស្គាល់ឈ្មោះ ផាត់ ម៉ុម ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា៖មុនដំបូងមានរថយន្ត១គ្រឿង ពណ៌ខៀវ គ្មានស្លាក បានបើកដោយឈ្មោះផាត ម៉ុម ក្នុងទិសដៅ ពីលិចទៅកើត ដល់ចំណុចកើតហេតុ បានប្តូរទិសបត់ឆ្វេង ដោយមិនបានប្រយ័ត្ន ស្របពេលនោះ មានម៉ូតូ១គ្រឿងម៉ាកវេវ ពណ៌ ពណ៌ខៀវ ឌុបព្រះសង្ឈ បើកក្នុងល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច ពេលមានឧបស័គ្គជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកកង់រថយន្តច្នៃផ្នែកខាងមុខ បណ្តាលឲ្យអ្នកបើកម៉ូតូរងធ្ងន់បាក់ជើងខាងឆ្វេង អ្នករួមដំណើរព្រះសង្ឈគ្មានរងរបួសអ្វីទេ ។ ក្រោយពីកើតហេតុ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួន ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

បច្ចុប្បន្នវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ វណ្ណា


ចែករំលែក៖