ព័ត៌មានទាន់ហេតុការណ៍៖

ថៃគេឆ្លាត ប្រកាសហាមសាច់ជ្រូកនាំចូលពីកម្ពុជា តែជ្រូក និងគោនាំចូលពីថៃមួយថ្ងៃៗរាប់រយក្បាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ធុងបាស់ប្លូធូតមួយគ្រឿង ត្រូវបានភាគីថៃដាក់តាំងនៅមាត់ច្រកតំបន់ ណងព្រឺ ឈមទឹកដីកម្ពុជាច្រកតំបន់ម៉ាឡៃ ក្នុងខេត្តស្រះកែវ បើកបំពងសំឡេង នៅតែប្រកាសពីសេចក្តីជូនដំណឹងហាម នាំចូលជ្រូកមានជីវិត និងផលិតផលពីសាច់ជ្រូកគ្រប់មុខ សូម្បីតែប្រហុក ផ្អកចេញពីកម្ពុជា ខណៈជ្រូករស់ និងគោរួមទាំងសាច់ជ្រូកថៃមួយថ្ងៃៗនាំចូលកម្ពុជាតាមច្រកតំបន់រាប់រយក្បាល និងរាប់តោនៗ ។

ក្នុងសំឡេងនោះថៃបានប្រកាសថា “សេចក្តីជូនដំណឹងបងប្អូនកម្ពុជា ដែលធ្វើដំណើរចូលប្រទេសថៃ ហាមនាំចូលសាច់ជ្រូកគ្រប់មុខ ដូចជាណែម សាច់ក្រក ប្រហិត ឬសាច់ប្រឡាក់ យកចូលប្រទេសគេជាដាច់ខាត ។ បើត្រួតពិនិត្យឃើញសាច់ហាមឃាត់ខាងលើ គេនឹងធ្វើការដាក់គុកចំនួន២ឆ្នាំ និងពិន័យជាប្រាក់មិនក្រោមពី២សែនបាត ដែលប្រការនេះ គេថាដើម្បីជៀសវាងការឆ្លងមេរោគ (អហ៊ីវ៉ាអាភិកា) នៅក្នុងសាច់ជ្រូក ដែលមានការឆ្លងមេរោគនៅកម្ពុជា ពេលនេះមិនឲ្យមេរោគនេះឆ្លងចូលទៅប្រទេសរបស់គេ ។ សេចក្តីប្រកាសបន្តថា បើលោកអ្នកនាំផលិតផលទាំងអស់នោះ ទៅជាមួយ ត្រូវយកទៅដាក់កន្លែងដែលសមត្ថកិច្ចរបស់គេត្រៀមទុកឲ្យ ។

សេចក្តីជូនដំណឹងរបស់ថៃនេះ មានពលរដ្ឋមួយចំនួនរស់នៅតាមបន្ទាត់ព្រំដែនសម្តែងការប្រតិកម្មថា ហាក់មិនស្មើភាព ព្រោះពួកគាត់ឃើញជ្រូករស់ និងសាច់ជ្រូកឬគ្រឿងក្នុងជ្រូវ ត្រូវគេនាំចូលកម្ពុជាតាមច្រកអន្តរជាតិ និងតំបន់ក្នុងខេត្តបន្ទាយមានជ័យ មួយថ្ងៃៗរាប់រយក្បាល និងទាំងតោនៗ ។

ប្រភពពីពលរដ្ឋនៅស្រុកម៉ាឡៃនិយាយថា តាំងពីភាគីថៃប្រកាសនៅសេចក្តីជូនដំណឹងខាងលើពលរដ្ឋកម្ពុជាមិនអាចនាំសាច់ជ្រូក ឬផលិតផលដែលធ្វើពីសាច់ជ្រូក ចូលប្រទេសថៃ ទៅលក់នៅផ្សារណងព្រឺ ជាប់មាត់ច្រកតំបន់ម៉ាឡៃ សូម្បីយកទៅទទួលទាន ក៏ដោយ ។ ប្រភពបន្តថា សូម្បីតែសាច់ជ្រូកទិញពីទឹកដីថៃយកធ្វើសាច់ក្រកនៅដីខ្មែររួចយកទៅលក់នៅលើដីថៃវិញ ក៏គេមិនអនុញ្ញាតដែរ ។

ជុំវិញកានាំចូលជ្រូកពីថៃតាមច្រកតំបន់ម៉ាឡៃ​ក្នុងមួយថ្ងៃៗប៉ុន្មានក្បាលនោះ លោកប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តមិនអាចទាក់ទងសុំកាបំភ្លឺបានទេ ដោយទូរស័ព្ទចុចចូលជាច្រើនដងគ្មានអ្នកទទួល ។

យ៉ាងណាក៏ដោយ សេចក្តីប្រកាសរបស់ភាគីថៃ ចំពោះការហាមនាំចូលសាច់ជ្រូកមានជីវិត និងផលិតផលធ្វើពីសាច់ជ្រូកនេះ យោងការសាកសួរមន្ត្រី និងសមត្ថកិច្ចជំនាញប្រាប់ថា កើតមានតាំងពីក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រហូតទល់សព្វថ្ងៃថា កើតមាននៅច្រកតំបន់ក្នុងទឹកដីខេត្តស្រះកែវរបស់គេ ឬអាចតាមច្រកតំបន់ និងអន្តរជាតិខេត្តផ្សេងៗជាប់ព្រំដែនកម្ពុជា ក៏ថាបាន ៕ វណ្ណា


ចែករំលែក៖