ប៉ោយប៉ែត៖ លោក ទេព ធន រដ្ឋលេខាធិការតំណាងដ៏ខ្ពងខ្ពស់របស៎លោក ជា សុធារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា និងសម្ពោធបើកការដ្ឋានសាង សង់លំនៅឋានគម្រោងទី៣ មានតម្លៃសមរម្យ សុខារ៉េស៊ីដេន សានកូ ក្រុងប៉ោយប៉ែត ដែលមានមន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ និងពលរដ្ឋប្រមាណ១០០០នាក់ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ឋិតក្នុងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតថាៈ ការអភិវឌ្ឍ និងប្រែក្លាយមុខមាត់តំបន់នេះ ពីព្រោះកន្លែងនេះ គឺជាអតីតតំបន់សង្គ្រាមរវាងកងទ័ពខ្មែរ ក្រហមជាមួយកងទ័ពប៉ារ៉ា សួម្បីតែមានការរំដោះជាតិរួចហើយពិតមែន ក៏បន្តសង្គ្រាមរាំរ៉ៃនៅតែកើតមាន ប៉ុន្តែ នៅពេលនេះ ជារឿងដែលមិននឹកស្មានថា តំបន់នេះមានការរីកចំរើនដូចនេះ។
គម្រោងអភិវឌ្ឍន៍ដ៏ធំមួយនេះ ដែលទទួលបានការជំរុញលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដែលមានការចង្អុលបង្ហាញពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍លំនៅឋានតំលៃសមរម្យ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មន្រ្តីរាជការ គ្រូបង្រៀន បុគ្គលិក កម្មករ ពលករ ឲ្យទទួលបានការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ។
គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ សុខារ៉េស៊ីដេនសានកូ ត្រូវបានធ្វើការ គិតគូរ យ៉ាងល្អិតល្អន់ តាមបទដ្ឋាន និងសេចក្តីណែនាំពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការអភិវឌ្ឍន៍ និងសាងសង់ស្របតាមបែបស្តង់ដារ។ គម្រោងត្រូវបានរៀបចំលើផ្ទៃដីទំហំ៣៩៨០៣ម៉ែត្រក្រឡា នៃផ្ទៃដីសរុបជាង១៥ ហិកតា ដែលគ្រោងសាងសង់លំនៅឋានតម្លៃសមរម្យ ដែលមានតំលៃក្រោម ៣០,០០០ដុល្លារ (បីម៉ឺន) មានចំនួន ៤២៩៦ ឯកតាជាអគារសហកម្មសិទ្ធិ សរុបមានចំនួន៩អគារ កំពស់១៩ជាន់ និងផ្ទៃដីដែលនៅសល់ត្រូវបានសាងសង់ជាលំនៅឋានតម្លៃលើសពីមធ្យមមានដូចជាផ្ទះអាជីវកម្ម ផ្ទះល្វែង វីឡាលីងហៅស៍ វីឡាភ្លោះ សួនច្បារ ផ្សារ និងសាលាអន្តរជាតិ ៕ វណ្ណា