ព័ត៌មានទាន់ហេតុការណ៍៖

មិនសូវលស់ថ្ងៃសោះ គោយន្តកន្ត្តៃ្រគ្មានភ្លើងសញ្ញាសម្គាល់បង្កឲ្យមនុស្សស្លាប់និងរបួសជាញឹកញាប់

ចែករំលែក៖

ខេត្តសៀមរាប៖ ហាក់ដូចជាមិនសូវលស់ថ្ងៃសោះ ពីរឿងគ្រោះថ្នាក់ចរាចរណ៍ដែលកើតចេញពីគោយន្តកន្ត្រៃដែលមិនមានស្លាកសញ្ញាសម្គាល់ ឬភ្លើងសញ្ញា ធ្វើឲ្យមនុស្សមួយចំនួន ស្លាប់និងរបួសជាញឹកញាប់ ព្រោះតែបញ្ជាយានយន្តទៅបុកគោយន្តកន្តៃ្រទាំងកំរោល ។

ជាក់ស្តែងដូចករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ៦៦ ស្ថិតភូមិតាភោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប កើតឡើងកាលពីវេលាម៉ោង ៤ និង ២០នាទីទៀបភ្លឺថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បណ្តាលឲ្យស្រី្តម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារជិះម៉ូតូបុកគោយន្តកន្តៃ្រដែលគ្មានភ្លើងសញ្ញាសម្គាល់ ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1C-7396 បើកបរដោយឈ្មោះ អ៊ី ម៉ៅ ភេទស្រី អាយុ ៥២ ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង បានធ្វើដំណើរពីទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចខាងលើបានបុកជាមួយគោយន្តកន្រ្តៃ បើកបរដោយឈ្មោះ ប្រោះ បញ្ញា ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ តែអកុសលក្រោយមកបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ ។ ចំណែកអ្នកបើកគោយន្តកន្ត្រៃបានគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរស្រុកបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។

សមត្ថកិច្ចអះអាងថា ករណីនេះកើតឡើងដោយសារគោយន្តកន្ត្រៃគ្មានភ្លើងសញ្ញាសម្គាល់ និងអ្នកបើកបរម៉ូតូបើកលឿនមិនប្រយ័ត្នទៀត ទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ ហើយករណីនេះមានញឹកញាប់ណាស់នៅតាមជនបទ ៕ ប្រាថ្នា


ចែករំលែក៖