ភ្នំពេញ ៖ នារសៀលថៃ្ងព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថៃ្ងទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ នៅសាលប្រជុំខណ្ឌដង្កោ បានប្រារព្ធ ពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខ តំណែង បំពាក់ឋានន្ដរស័ក្កិ និងប្រគល់ ប័ណ្ណសរសើរ ជូនមន្រ្ដីន គរ បាលជាតិចំណុះអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ លូ រ៉ាបូ ស្នងការរងនគរបាលរាជធានីភ្នំពេញ តំណាងឯកឧត្ដម ស ថេត អគ្គស្នងការរង នគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ,លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ នឹងមានការចូលរួមពីសំណាក់លោកអធិការ អធិការរង និង មន្ត្រី នគរបាល ដែលត្រូវ ទទួល ការតែងតាំង ភារកិច្ច បំពាក់ ឋានន្ដរ ស័ក្កិ និងទទួលប័ណ្ណសរសើរ លិខិត សរសើរ សរុប ១១៧ នាក់ ។ ជាមួយគ្នានោះបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ចំនួន ៤នាក់, បំពាក់ឋានន្តរស័ក្តិចំនួន ៩៣នាក់, ផ្តល់ប័ណ្ឌសរសើរចំនួន៩ នាក់ ។
ថ្លែងក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ លូ រ៉ាបូ ស្នងការរងនគរបាលរាជធានីភ្នំពេញបានកោតសរសើរនឹងថ្លែងអំណរគុណដល់កម្លាំងនគរបាលចំណុះអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងបានល្អ ដូចជាករណីបង្ក្រាបនឹងទប់ស្កាត់បទល្មើសផ្សេងៗ នឹងល្បាតការពារសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អ ។ ជាមួយគ្នានោះលោកឧត្តមសេនីយ៍ក៏បានក្រើនរំលឹកដល់កងកម្លាំងត្រូវតែបន្តអនុវត្តន៍តាមបញ្ជាថ្នាក់លើអោយបានល្អ ជាពិសេសត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពអោយបានខ្លាំង នឹងបម្រើប្រជាពលរដ្ឋអោយបានល្អ ៕ ភារ៉ា ដង្កោ