ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត

ចែករំលែក៖

ខេត្តកំពត៖ នៅល្ងាចថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពត។

ពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ ដែលរៀបចំធ្វើឡើងក្នុងខេត្តកំពត ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» ដោយមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ សរុបចំនួន ៤៦១ស្តង់ ក្នុងនោះរួមមាន ស្តង់គម្រោងអភិវឌ្ឍទេសចរណ៍សំខាន់ៗនៅតំបន់ឆ្នេរ ផលិតផលទេសចរណ៍ផលិតផលក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ស្តង់ពិព័រណ៍បរទេស ហើយពិសេសការរៀបចំវិថីម្ហូបអាហារ (Food Street) អាចសម្រាប់ជាគំរូដល់ខេត្តដទៃ។

ក្រៅពីនោះ ក៏មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបូរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការីជាតិ និងបណ្តាប្រទេសជាមិត្ត រួមមានប្រទេសចិន ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា និងវៀតណាម។ សកម្មភាពកីឡាវិញ រួមមាន៖ កីឡារត់កម្សាន្ត ការប្រណាំងកង់ បាល់ទះលើឆ្នេរខ្សាច់ ចាំបាប់លើឆ្នេរខ្សាច់ កីឡាប្រណាំងម៉ូតូទឹកលក្ខណៈអន្តរជាតិ ប្រដាល់គុនខ្មែរអន្តរជាតិដណ្តើមខ្សែក្រវ៉ាត់អន្តរជាតិ គុនល្បុក្កតោ ការប្រកួតអុកចត្រង្គ និងកីឡាផ្សងព្រេងលើភ្នំ។ល។ ៕


ចែករំលែក៖