ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនាព្រឹកថៃ្ងទី២៤ ខែធ្នូ ឆ្នាំ២០១៩ បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្កិ និងប្រគល់ប័ណ្ណសរសើរ ជូនមន្រ្ដីនគរ បាលជាតិចំណុះអធិការដ្ឋាននគរបាលខណ្ឌ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ ។
នៅក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់អធិការ អធិការរង និងមន្ត្រីនគរបាល ដែលត្រូវទទួលការតែងតាំងភារកិច្ច បំពាក់ឋានន្ដរស័ក្កិ និងទទួលប័ណ្ណសរសើរ លិខិតសរសើរសរុបជាង១០០នាក់ ។
ថ្លែងនៅក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានកោតសរសើរ និងថ្លែងអំណរគុណដល់កម្លាំងនគរបាលចំណុះអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដែលបានខិតខំប្រឹងប្រែងបំពេញ ការងារកន្លងបានល្អ ដូចជា ករណីបង្ក្រាបនឹងទប់ស្កាត់បទល្មើសផ្សេងៗ នឹងល្បាតការពារសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អ ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកដល់កងកម្លាំងត្រូវតែបន្តអនុវត្តន៍តាមបញ្ជាថ្នាក់លើឲ្យបានល្អ ជាពិសេសត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពឲ្យបានខ្លាំង នឹងបម្រើប្រជាពលរដ្ឋឲ្យបានល្អ ។
ដោយឡែកលោកណុប ផា អភិបាលរងខណ្ឌតំណាងអភិបាលខណ្ឌច្បារអំពៅក៍បានថ្លែងកោតសរសើដល់កងម្លាំងនគរបាលខណ្ឌនិងគ្រប់ប៉ុស្តិ៍រដ្ឋបាល ដែលបានខិតខំបំពេញការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ បង្កា ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា រក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងល្អ ប្រកាន់ខ្ជាប់នូវិន័យជាកងកម្លាំងនគរបាលជាតិ មានក្រមសីលធម៍ មានសុជីវធម៍ល្អពេលចុះបំពេញការងារ ពិសេសមានអាកប្បកិរិយាទន់ភ្លន់ តែម៉ឺងម៉ាត់ ពេលចុះបំពេញភារកិច្ច ។
លោកអភិបាលរងខណ្ឌបានសង្កត់ធ្ងន់ថា នគរបាលគឺជាកម្លាំងស្នូលដ៍សំខាន់ណាស់ក្នុងការការពារនិងថែរក្សាស្ថេរភាពនយោបាយ ការពារបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារ ជាតិ សាសនា ព្រះមហាក្សត្រ ៕ សណ្តោស