ភ្នំពេញ៖ សកម្មភាពក្រុមចោរឆក់បច្ចុប្បន្ននេះ កាន់តែផ្គើនជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ខ្លាំងមែនទែនហើយ ខណៈដែលនារីម្នាក់ កំពុងតែឈរទិញគ្រឿងម្ជូរនៅមុខវត្តស្ទឹងមានជ័យ ក៏លេចមុខចោរឆក់ម្នាក់បានធ្វើសកម្មភាពជិះកង់មកឆក់យកទូរស័ព្ទពីនារីរងគ្រោះយកទៅបាត់ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ដោយមិនរំខានដល់សមត្ថកិច្ចនោះឡើយ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ នៅម្តុំវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះសុំមិនបញ្ចេញឈ្មោះ មានអាយុប្រហែល២០ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានដើរមកទិញម្ជូរនៅមុខវត្តស្ទឹងមានជ័យ ដើម្បីយកទៅហូប ខណៈដែលកំពុងតែឈរកាន់ទូរស័ព្ទនៅនឹងដៃ ស្រាប់តែជនសង្ស័យម្នាក់ បានជិះកង់ម្នាក់ឯងមកធ្វើសកម្មភាពឆក់ទូរស័ព្ទពីនាងបានសម្រេចហើយជិះកង់ទៅមុខចូលតាមក្រោមស្ពានអាកាសស្ទឹងមានជ័យគេចខ្លួនបាត់ស្រមោល ។ ដោយមិនគ្មានមានសមត្ថកិច្ចណាចេញមកជួយអន្តរាគមន៍តាមចាប់ជនសង្ស័យនោះទេ ។
បើតាមប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានលួចបង្ហើបប្រាប់ថា ជនសង្ស័យទាំងអស់នោះនៅមិនឆ្ងាយពីទីនេះទេ ពោលគឺសម្បូរណាស់ចោរលួច ឆក់ ប្លន់ នៅម្តុំវត្តស្ទឹងមានជ័យ តែមិនដែលឃើញកម្លាំងនគរបាលបង្ក្រាបបានទាន់ពេលវេលានោះឡើយហើយ ជាពិសេសនៅមុខវត្តស្ទឹងមានជ័យតែម្តង កំពុងតែធ្វើឲ្យពួកគាត់មានការភ័យខ្លាច ដោយសារមានករណីចោរឆក់ទ្រព្យសម្បត្តិជាញឹកញាប់ផងដែរ ។
ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមទៅដាស់សមត្ថកិច្ច ដែលកំពុងដេកលង់លក់ក្នុងដំណេក ដើម្បីដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ ៕ ស រស្មី