ភ្នំពេញ៖ លោកគ្រូបង្រៀនម្នាក់ សហការជាមួយប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវដេញតាមចាប់ចោរឆក់ទូរស័ព្ទម្នាក់ រហូតបានសម្រេច កាលពីវេលាម៉ោង ៨និង ២០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចមុខវិទ្យាល័យជាស៊ីមសាមគ្គី ផ្លូវលេខ២៧១ ស្ថិតភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ផល្លា សុផា ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ទេព ពិសិដ្ឋ ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន មានទីលំនៅផ្ទះលេខ១០២១ ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ វត្ថុតាងដកហូតបាន៖ ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1DA-29 (របស់ជនសង្ស័យ) ; ទូរស័ព្ទដៃ០១គ្រឿងម៉ាក សាំសុង ពណ៌ខ្មៅ (របស់ជនរងគ្រោះ) ។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ដោយនិយាយទូរស័ព្ទតាមផ្លូវលេខ២៧១ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេចហើយ ព្យាយាមជិះរត់គេចខ្លួនក៏ត្រូវជនរងគ្រោះស្រែកឆោឡោផ្អើលអ្នកធ្វើដំណើរតាមផ្លូវ នាំគ្នាបើកដេញតាមពីក្រោយ រហូតជនសង្ស័យភ័យក៏ដួលម៉ូតូរួចនាំគ្នាបាប់បានវាយម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌមានជ័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ ភារ៉ា ដង្កោ