ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរ ខណៈមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ ក្នុងផ្ទះសំណាក់៤ជាន់ ដោយមានអាជ្ញាធរក្រុងបាវិត និងសមត្ថកិច្ចដែលពាក់ពន្ធ័ មកអន្តរាគមន៏យករថយន្តមកបាញ់ពន្លត់គ្រប់គ្រងស្ថានការណ៍បានមិនបណ្ដាលឲ្យមនុស្សរងរបួសដោយសង្ស័យឆ្លងចរន្តអគ្គិសនី ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ផ្ទះដែលរងការឆាបឆេះមានម្ចាស់ឈ្មោះលូ ឈិនអៀន ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិម៉ាឡេសុី ដែលមានយីហោម៉ាឡៃសាងសង់អំពីថ្ម មានកំពស់៤ជាន់ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថា ចំពោះអគ្គិភ័យនេះ មិនបណ្ដាលឲ្យមានមនុស្សរងគ្រោះដល់អាយុជីវិតនោះទេ គ្រាន់តែ ខូចខាតសម្ភារមួយចំនួនប៉ុណ្ណោះ ។
ប្រភពបន្តថា បន្ទាប់ពីទទួលព័ត៍មានភ្លាមលោក វណ្ណ សុមន្នី អភិបាលនៃគណៈអភិបាលរងក្រុងបាវិតសហការជាមួយកម្លាំងមូលដ្ឋានអហក្រុងបាវិត និងកម្លាំងអហខេត្តស្វាយរៀងបាន ដឹកនាំដោយកម្លាំង ប្រមាណ២០នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គិចំនួន២គ្រឿង ប្រើទឹកអស់០៣រថយន្ត ខេត្ត០១រថយន្ត រថយន្តពន្លត់អគ្គិភ័យអធិការនគរបាលក្រុងបាវិតចំនួន០១គ្រឿងប្រើទឹកអស់០២រថយន្តទើបគ្រប់គ្រងស្ថានការណ៍បាន ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារតែឆ្លងចរន្តអគ្គិសនីចេញពីទូទឹកកកទើបបណ្ដាលឲ្យមានអគ្គិភ័យខាងលើកើតឡើង ៕ យឹម សុថាន