ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១ ខណ្ឌបឹងកេងកង បានឃាត់ខ្លួនបុរសជនជាតិបារាំងម្នាក់ បន្ទាប់ពីរូបគាត់ប្រើប្រាស់ថ្នាំញៀនហួសកម្រិត រហូតបាត់បង់ស្មារតីបង្កការអុកឡុកតាមទីសាធារណៈ ។
ករណីឃាត់ខ្លួនជនបរទេសខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវសាធារណៈ ក្នុងមូលដ្ឋានសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពពីមន្រ្តីនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា សមត្ថកិច្ចប៉ុស្តិ៍បានឃាត់ខ្លួនបុរសជនជាតិបារាំងម្នាក់ បញ្ជូនទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណៈដែលជនបរទេសនោះ បង្កការអុកឡុកតាមទីសាធារណៈ និងប្រើប្រាស់សារធាតុញៀន ។
មន្រ្តីដដែលបន្តថា ជនបរទេសរូបនេះឈ្មោះ LE BERRE JEAN CHRISTOPHE GUILLAUME ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិបារាំង កាន់លិខិតឆ្លងដែនលេខ16CP45769 និងបានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ តាមច្រកអន្តរជាតិបាវិត គោលបំណងទេសចរ ។
បច្ចុប្បន្នជនបរទេសខាងលើនេះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕ស រស្មី