ក្នុងនាមប្រជាពលរដ្ឋម្នាក់នៅក្រុងព្រះសីហនុមិនជំទាស់ចំពោះការសង់រោងការបិទផ្លូវនោះទេ ពីព្រោះថា អាជ្ញាធរក៏មិនទាន់កំណត់ហាមឃាត់ការសង់រោងបិទផ្លូវនោះដែរ ។ ករណីសង់រោងការបិទផ្លូវនាំឲ្យមានមតិរិះគន់ពីប្រជាពលរដ្ឋនេះ បានកើតឡើងលើផ្លូវបេតុងមួយខ្សែលេខ២២៦ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយបានបិទផ្លូវជិតទាំងស្រុង ដែលមិនអាចឲ្យចរាចរបាន ។ រដ្ឋបាលខេត្តព្រះសីហនុបានសរសេរថា ក្នុងនាមជាប្រជាជន និងអ្នករស់នៅជិតខាងអាចអធ្យាស្រ័យបានគួរអធ្យាស្រ័យ ព្រោះកម្មវិធីបែបនេះ ក៏យើងមិនធ្វើគ្រប់ពេលនោះទេ ពោលគឺមួយជីវិតរៀបចំតែម្តង ។
អ្វីដែលប្រជាពលរដ្ឋរិះគន់នោះ គឺការសង់រោងនៅលើផ្លូវបិទផ្លូវសាធារណៈបែបនេះ នាំឲ្យមានការកកស្ទះចរាចរនៅពេលដែលផ្លូវជាច្រើនខ្សែកំពុងជួសជុល ឬមិនអាចធ្វើដំណើរបាន ។ យ៉ាងណាក៏ដោយ គេនៅតែមានការយោគយល់ចំពោះអ្វីដែលបានកើតឡើងនៅលើកំណាត់ផ្លូវលេខ១២៦នោះ ។ ប៉ុន្តែអ្វីដែលជាការមិនគួរឲ្យចង់ស្តាប់ ព្រោះតែការបោះពាក្យសម្តីរបស់ម្ចាស់ដើមការដែលថា គ្រាន់តែការកូនម្តង បិទផ្លូវ វាមិនទៅជាបញ្ហាទេ ។ ការបិទផ្លូវសង់រោងការ មិនមែនសុំការយោគយល់ពីអ្នកធ្វើដំណើរនោះទេ ប៉ុន្តែជាចរិកនៃការបង្ហាញអំណាច និងឥទ្ធិពលទៅវិញ ។ អំណាច និងឥទ្ធិពលប្រាថ្នាចង់ឲ្យប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុគោរពកោតខ្លាចថាគេធំណាស់ ចង់បិទផ្លូវមួយក៏បាន ។
ក្នុងនាមប្រជាពលរដ្ឋម្នាក់ មិនអាក់អន់ស្រពន់ចិត្តចំពោះបញ្ហានេះទេ ពីព្រោះថា យើងអាចចំណាយពេលយ៉ាងយូរ៥នាទីប៉ុណ្ណោះ ដើម្បីចៀស ឬវាងផ្លូវរោងការនេះ ។ មិនមែនមិនចង់ឃើញនោះទេ ផ្ទុយទៅវិញ បើយើងទៅមុខទៀតក៏មិនរួច(Sic)។ ដូច្នេះ មានតែទ្រាំទៅ ។ ប្រសិនបើអាជ្ញាធរកំណត់ថា មិនអនុញ្ញាតឲ្យសង់រោងការបិទផ្លូវនោះទើបជាបញ្ហា ប៉ុន្តែអាជ្ញាធរមិនបានកំណត់យ៉ាងដូច្នេះទេ ដូច្នេះ អ្នកមានអំណាច អ្នកមានលុយ អាចសង់រោងការបិទផ្លូវបាន ។ រីឯប្រជាពលរដ្ឋក្រីក្ររស់នៅតាមផ្លូវឌឿងហែម មិនអាចធ្វើយ៉ាងដូច្នោះបានទេ ។ យ៉ាងណាក៏ដោយយើងខ្ញុំយល់ថា វាមិនជាបញ្ហាអ្វីធ្ងន់ធ្ងរនៅឡើយទេ ដូច្នេះ ការសង់រោងបិទផ្លូវក៏មិនទាន់ជាបញ្ហាដែលធ្វើឲ្យកកស្ទះចរាចរខ្លាំងក្លានោះដែរ ។
ខ្ញុំបាទបានឃើញផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុបានឆ្លើយតបថា ការពិតការរៀបចំបែបនេះប្រាកដណាស់ថា មិនត្រឹមត្រូវទេ ប៉ុន្តែបើយើងពិនិត្យលក្ខណៈជាក់ស្តែងនៅទីតាំងនេះ ចរាចរណ៍មិនសូវមមាញឹក និងមានផ្លូវតូច ធំ ជាច្រើន ហេតុដូចនេះ ក្នុងនាមប្រជាជន និងអ្នករស់នៅជិតខាង អាចអធ្យាស្រ័យបាន គួរអធ្យាស្រ័យ ព្រោះកម្មវិធីបែបនេះ ក៏យើងមិនធ្វើគ្រប់ពេលដែរ មួយជីវិតរៀបចំម្តង ។ នេះគ្រាន់តែជាគំនិតចូលរួមប៉ុណ្ណោះ សម្រាប់បងប្អូនពិចារណាតាមការគួរ ។ ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋានគួរពិនិត្យសម្របសម្រួលមិនអាចបិទផ្លូវទាំងស្រុបបែបនេះនោះទេ គឺទុកផ្លូវសម្រាប់ម៉ូតូ រ៉ឺម៉ករថយន្តអាចបើកបរនៅម្ខាងផ្លូវ ៕ ប្រជាពលរដ្ឋម្នាក់