ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋទម្លាយថា ដីរដ្ឋជាច្រើនតាមបណ្តោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ ត្រូវបានជនទុច្ចរិតចាក់ដីលុប បំណងធ្វើជាកម្មសិទ្ធិ

ចែករំលែក៖

ភ្នំពេញ៖ ប្រឡាយ បឹង បួរ ព្រែក អូរ ស្ទឹង ធម្មជាតិទាំងឡាយ មិនមែនជារបស់បុគ្គលឯកជនណាម្នាក់នោះទេ ពោលគឺជាសម្បត្តិរបស់រដ្ឋ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ។ ដូច្នេះគ្មានបុគ្គលណាម្នាក់មានសិទ្ធិរំលោភបំពានបោះបង្គោល ឬ ចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិបានឡើយ ។

ប៉ុន្តែបើយើងក្រឡេកទៅមើលនៅក្នុងមូលដ្ឋានទឹកដីខណ្ឌដង្កោ ឯណោះវិញ ថ្មីៗនេះ ប្រជាពលរដ្ឋ បានទម្លាយឲ្យដឹងថា ដីរដ្ឋជាច្រើន តាមដងស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បា និងកំពុងមានការចាក់ដីលុបស្ទឹងព្រែកត្នោតរំលោភបំពាន បំណងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

បញ្ហានេះ ក្រោយពីបែកធ្លាយអំពើទុច្ចរិតរបស់ក្រុមឈ្មួញដ៏មានឥទ្ធិពលរួចមក , លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ ថ្លែងតាមរយៈបណ្តាញសង្គម Telegram ជាមួយអ្នកសារព័ត៌មាន យ៉ាងខ្លីថា “ក្រុមការងារខ្ញុំបានចុះទៅធ្វើកំណត់ហេតុរួចហើយ មិនឲ្យមានសកម្មភាពចាក់បែបនេះតទៅទៀតទេ និង មិនឲ្យមានការសាងសង់អ្វីនៅលើទីតាំងនោះដែរ” ។

ចំពោះការបកស្រាយបំភ្លឺរបស់ លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ បែបនេះ ត្រូវបានប្រជាពលរដ្ឋ ឆ្លើយតបថា ហាក់មិនបានបង្ហាញរូបភាព និងខ្លឹមសារលម្អិត នៃការចុះពិនិត្យទីតាំងដែលចាក់ដីរំលោភបំពានយក ដងស្ទឹងព្រែកត្នោតនោះឡើយ សូម្បីតែពេលវេលា និងថ្ងៃខែឆ្នាំ នៃការចុះពិនិត្យនេះ ។

ទន្ទឹមនេះ សំណូមពរឲ្យ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោថ្មី មេត្តាមានវិធានការឲ្យមានប្រសិទ្ធភាពផង ជុំវិញបញ្ហានេះ ពោលគឺ ត្រូវបញ្ជាឲ្យឈ្មួញកាយដីនោះឲ្យអស់ចេញស្ទឹងព្រែកត្នោតឡើងវិញ និង មានចំណាត់ការតាមច្បាប់ផងដែរ ដើម្បីថែរក្សាសម្បត្តិរដ្ឋមួយនេះ ៕ ចេស្តា


ចែករំលែក៖