ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជន៥រូប សុំអន្តរាគមន៍ទៅសម្តេចតេជោ ហ៊ុន សែន ចំពោះលទ្ធផលនៃការប្រឡងសិស្សចៅក្រមជំនាន់ទី១០

ចែករំលែក៖

ភ្នំពេញ៖ បេក្ខជន បេក្ខនារី ចំនួន៥រូប បានដាក់ពាក្យសុំអន្តរាគមន៍ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកម្មវត្ថុ “ស្នើសុំឲ្យ សម្តេចតេជោ ហ៊ុន សែន មេត្តាអន្តរាគមន៍ទៅគណៈកម្មការនាយករៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០” ។

អ្នកដាក់ពាក្យអន្តរាគមន៍ទាំង៥រូប ថ្លែងថា ក្នុងគោលបំណងនៃការសុំអន្តរាគមន៍ទៅសម្តេចតេជោ ហ៊ុន សែន គឺ ដើម្បីជំរុញឲ្យមានតម្លាភាព លើលទ្ធផលនៃការប្រឡង លើវិញ្ញាសារសរសេរ និងវិញ្ញាសារផ្ទាល់មាត់ ។

ពាក្យអន្តរាគមន៍នេះ ធ្វើឡើងក្រោយ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺរួចហើយដែរ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ ។

លោក គង់ ប៊ុនរិទ្ធ បេក្ខជនមួយរូបក្នុងចំណោម៥រូប ដែលដាក់ពាក្យសុំអន្តរាគមន៍ នេះ ថ្លែងនៅថ្ងៃទី៣ ខែមករា នេះ ថា ពាក្យសុំអន្តរាគមន៍ទៅសម្តេចតេជោ ហ៊ុន សែន គឺ បានដាក់រួចរាល់ហើយ កាលពីរសៀលថ្ងៃទី២ ខែមករា ម្សិលមិញនេះ ។

លោក គង់ ប៊ុនរិទ្ធ អះអាងថា តាមរយៈជំនួបទាំង២លើកកន្លងមកនេះការស្នើសុំរបស់ពួកគាត់ពុំបានទទួលការឆ្លើយតបជាវិជ្ជមានណាមួយពីគណៈកម្មការនាយក ដែលបង្ហាញឲ្យឃើញពីតម្លាភាពចំពោះលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ទេ ។

ការស្នើសុំរបស់របស់ពួកគាត់ពុំមានគោលបំណងអ្វីក្រៅពីចង់ឲ្យមានការជ្រើសរើសធនធានមនុស្សមានសមត្ថភាពពិតប្រាកដមកបម្រើការងារលើវិស័យយុត្តិធម៌ជូនជាតិមាតុភូមិរបស់យើង ។ ចំពោះការឆ្លើយតបរបស់គណៈកម្មការនាយក គឺ មិនស្របតាមការស្នើសុំរបស់ពួកគាត់អំពីការបង្ហាញ តម្លាភាពនៃការប្រឡងដែលការអនុវត្តបែបនេះពោលគឺកំពុងតែដើរផ្ទុយទៅនឹងគោលនយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

សេចក្តីប្រកាសព័ត៌មាន របស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បង្ហាញថា ដើម្បីបង្ហាញនូវតម្លាភាព ភាពត្រឹមត្រូវ និងជំនឿទុកចិត្ត ក្នុងការអនុវត្តគោលការណ៍សម្រាប់ដំណាក់កាលនីមួយៗនៃការប្រឡង គឺ មានការចូលរួមសង្កេតការណ៍យ៉ាងពេញលេញ និង ដោយសកម្មពីអង្គភាពប្រឆាំងអំពើពុករលួយ ។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថារាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការសូមវាយតម្លៃខ្ពស់សម្រាប់ការខិតខំប្រឹងប្រែងរបស់បេក្ខជនទាំងអស់ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ និង សូមលើកទឹកចិត្តចំពោះបេក្ខជនដែលមិនបានទទួលជ័យលាភីលើការប្រឡងប្រជែងលើកនេះ ឲ្យបន្តខិតខំប្រឹងប្រែងចូលរួមប្រឡងប្រជែង នាឱកាសសម័យប្រឡងក្រោយៗទៀត ៕ ចេស្តា


ចែករំលែក៖