ព័ត៌មានទាន់ហេតុការណ៍៖

ផ្ដើមចេញពីការគំគួនរឿងច្រៀងឌឺដងដាក់គ្នាធ្វើឲ្យយុវជនម្នាក់យកកាំបិតប៉័ងតោកាប់ទៅលើបុរសម្នាក់រងរបួសយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនសង្ស័យម្នាក់ យកកាំបិតប៉័ងតោកាប់ទៅលើបុរសម្នាក់ចំថ្ពាល់ខាងឆ្វេង និងស្មា បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ដោយសារផ្ដើមចេញពីការគំគួនរឿងផឹកស្រាច្រៀងឌឺដងដាក់គ្នា ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២០និង១០នាទី ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌិន បូណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ក្នុងបុរីលីហួរ មានស្រុកកំណើតភូមិបែកអន្លង់ ឃុំពី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានបូរីលីហួរ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ស្រី វុធ ភេទប្រុស អាយុ១៨ មុខរបរ កម្មករសំណង់ ។ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានបូរីលីហួរ ស្ថិតភូមិក្រោម ឃុំព្រែកអញ្ចញ ស្រុកមុខកំពូល ខ្តេតកណ្តាល ។

ប្រភពដដែលបន្ដថា ជនសង្ស័យនិងជនរងគ្រោះ គឺជាកម្មករសំណង់នៅក្នុងបុរីលីហួរ ជាមួយគ្នា ស្ថិតក្នុងភូមិ/ឃុំកើតហេតុ ។ ក្រោយពីសម្រាកពីការងារ ជនសង្ស័យ និងជនរងគ្រោះតែងផឹកស្រា និងច្រៀងកំសាន្ដផ្សេងគ្នា ធ្វើឲ្យជនរងគ្រោះនិងជនសង្ស័យមានការឌឺដងដាក់គ្នា រហូតមានការគំគួនរវាងគ្នានឹងគ្នា ។ លុះមកដល់ថ្ងៃកើតហេតុ វេលាម៉ោងប្រមាណ២០ ជនសង្ស័យចេញពីផឹកស្រាជាមួយបក្ខពួកខ្លួនវិញបានជួបជាមួយជនរងគ្រោះ ហើយក៏មានទំនាស់ពាក្យសម្ដីគ្នា ធ្វើឲ្យជនរងគ្រោះយកបំពង់ទីបដែកវាយទៅលើជនសង្ស័យចំនួន៣បំពង់ទីប បណ្ដាលឲ្យត្រូវចំកដៃស្តាំ ស្មាខាងឆ្វេងនិងប្រអប់ជើងឆ្វេងរងរបួសស្រាល ភ្លាមនោះ ជនសង្សយ័បានរត់ទៅយកកាំបិតតាំងតោកន្លែងដែលខ្លួនផឹកយកមកកាប់ជនរងគ្រោះ បណ្ដាលចំថ្ពាល់ និងស្មារខាងឆ្វេងរងរបួសយ៉ាងដំណំ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកជនរងគ្រោះ ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យសម្ភពព្រែកតាមាក់ ៕ ស្អាងជ័យ


ចែករំលែក៖