ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូ៤គ្រឿងបុកបន្តគ្នាកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរនេះ ត្រូវបាននគរបាលចរាចរខណ្ឌច្បារអំពៅប្រាប់ថា គឺផ្តើមចេញពីម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GR-1625 បើកបរដោយឈ្មោះសន ម៉ាប់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច តែបើកបរខាងឆ្វេងដៃ មិនមែនប្រកាន់ស្តាំនោះឡើយ។ ពេលបើកមកដល់ចំណុចកើតហេតុបានបុកគ្នាជាមួយម៉ូតូ១គ្រឿងទៀតម៉ាក MOOS ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-8745 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតតែប្រកាន់ស្តាំដៃរបស់ខ្លួនបើកបរដោយឈ្មោះជុំ លាង ភេទប្រុស អាយុ២៥ឆ្នាំមានទីលំនៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បណ្តាលឲ្យម៉ូតូទាំង២គ្រឿងខ្ទាតទៅកណ្តាលផ្លូវ ។ ក្រោយមកទៀតក៏មានម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AS-6476 ធ្វើដំណើរពីលិចទៅកើតមកបុកបន្ថែមទៀតបណ្តាលឲ្យដួលនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរឈ្មោះសុខ ពិសី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រងរបួសមធ្យម ។
បន្ទាប់ពីម៉ូតូទាំង៣គ្រឿងបុកគ្នាហើយស្រាប់តែមានម៉ូតូ១គ្រឿងទៀតម៉ា គ្លីក ពណ៌ក្រហម ពាក់ស្កាកលេខ ពាក់ស្លាកលេខ ភ្នំពេញ 1HE-5046 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតមកបុកបន្ថែមទៀតបណ្តាលឲ្យដួលរដូករណែលពេញផ្លូវជាតិតែម្តង ចំណែកអ្នកបើកបរឈ្មោះជា ឆៃយ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ១៩J ផ្លូវបេតុង ក្នុងបុរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រងរបួសមធ្យម ។
ក្រោយកើតហេតុជនរងគ្រោះទាំង៤នាក់ត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកម៉ូតូទាំង៤គ្រឿងត្រូវបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ។
តាមការចុះទៅពិនិត្យនៅកន្លែងកើតហេតុ ករណីនេះកើតឡើងដោយសារអ្នកបើកបរម៉ូតូPCX បើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ៕ សណ្តោស