ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋក្នុងស្រុកមង្គលបូរីអាចប្រឈម និងកង្វះទឹកប្រើប្រាស់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋប្រមាណជាង៧.០០០គ្រួសារ នឹងត្រូវប្រឈមកង្វះទឹកប្រើប្រាស់ក្នុងរយះពេលមិយូរបីទៅបួនថ្ងៃទៀត ។ នេះបើតាមការលើកឡើងរបស់អាជ្ញាធរស្រុកមង្គលបូរី លោក រត្ន័ ដាស៊ីណង់ បញ្ហាប្រឈម និងអាចកើតមានឡើងសម្រាប់ស្រុក និងពលរដ្ឋរបស់លោកដោយក្នុងនោះអ្នកជំងឺដែលកំពុងសម្រាកព្យាបាល និងបុគ្គលិកពេទ្យ នៃមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីជាមន្ទីរពេទ្យធំជាងគេបង្អស់ក្នុងខេត្ត ក៏ត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ។

ទឹកក្នុងស្ទឹងមង្គលបុរីផ្នែកកណ្តាល និងខាងចុងបានបាត់បង់ និងអស់ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ។ ការប្រឈមនេះដែរលោកបានបញ្ជាក់ថា គឺបណ្តាលមកពីការបូមធ្វើស្រែប្រាំងលើកទី១ ដែលលើសផែនការជាង៧.០០០ហិចតា និងបន្តធ្វើស្រែប្រាំងលើកទី២ ទៀត ។ ប្រជាកសិករដែលបានបន្តធ្វើស្រែប្រាំងទាំងពីរលើកបាននាំគ្នាសម្រុកបូមទឹកផ្គត់ផ្គង់ស្រូវរបស់ពួកគាត់ ដោយមិនបានគិតពីការរក្សាទឹកទុកដើម្បីប្រើប្រាស់នោះឡើយ ។

ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋនៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំក្រុមការងាររួមជាមួយមន្ទីរជំនាញធនធានទឹកចុះពិនិត្យស្ថានភាពទឹកភ្លាមៗនៅក្នុងស្ទឹងសិរីសោភ័ណដោយក្នុងនោះដើម្បីដោះស្រាយបន្ទាន់គឺសម្រេចបូមផ្ទេរទឹកពីស្ទឹងសិរីសោភ័ណទៅស្ទឹងមង្គលបូរី ឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្នសិន ។ ប៉ុន្តែការធានាផ្គត់ផ្គង់ ប្រើប្រាស់មិនទាន់ដឹងច្បាស់នៅឡើយ ៕ វណ្ណា


ចែករំលែក៖