ខេត្ដឧត្ដរមានជ័យ៖ កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២០:៣៧ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងគោយន្តកន្ត្រៃ និងម៉ូតូ ក្នុងទិសដៅស្របទិសគ្នា ពីជើងទៅត្បូង នៅលើផ្លូវជាតិលេខ ៦៨ ចន្លោះគីឡូម៉ែត្រលេខ ៩៥-៩៦ ស្ថិតក្នុងភូមិកូនក្រៀល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះ បាន បណ្តាលឲ្យ ១-អ្នកបើកបរម៉ូតូម៉ាកហុងដាដ្រីមសេ ១២៥ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ ផ្លាកលេខ ឧត្តរមានជ័យ 1D-3752 ឈ្មោះ ម៉ៅ សូម៉ា ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិកូនក្រៀល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរកម្មករ (មិនពាក់មួកសុវត្តិភាព)បើកម៉ូតូលឿនបុកកង់គោយន្តកន្ត្រៃខាងឆ្វេងបណ្តាលឲ្យស្លាប់ ។ ២-អ្នករួមដំណើរម៉ូតូឈ្មោះ ដឿន សត្រា ភេទប្រុស អាយុ ១២ ឆ្នាំ រស់នៅភូមិកូនក្រៀល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (របួសធ្ងន់) មុខរបរសិស្ស ។ ៣-អ្នកបើកបរគោយន្តកន្ត្រៃ ឈ្មោះ នួន សុភី ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (គ្មានរបួស) មុខរបរកម្មករ បើកខាងស្តាំគំនូសស ។
សមត្ថកិច្ចបញ្ជាក់ថាមូលហេតុ គោយន្តកន្ត្រៃមានចំណាំងផ្លាត ប៉ុន្តែមិនចាំងពន្លឺ (ចាស់ស្អាប់) ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់កូនក្រៀលត្រួតពិនិត្យកន្លែងកើតហេតុ និងវត្ថុតាងរក្សាទុកនៅធិការក្រុងសំរោង រង់ចាំការដោះស្រាយ រីឯសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ ប៉ែន នួន