ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈបើកម៉ូតូកង់បីលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកចំពីមុខរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យបែកស្តុប និងកំពិតក្បាលរថយន្តចំណែកម៉ូតូកង់បីក្រឡាប់រងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរត្រូវរងរបួសធ្ងន់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ១០៦ នៅចំណុចក្បែរធនាគារកាណាឌីយ៉ា ស្ថិតនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុគាត់បើករថយន្តមួយគ្រឿងម៉ាក រ៉េនរ៉ូវើ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BH-0007 បើកបរតាមបណ្តោយផ្លូវលេខ១០២ ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះ រថយន្តរបស់គាត់បើកឆ្លងស្តុប បែកជាបួនទៅត្រង់ ពេលឆ្លងជិតផុតទៅហើយ ក៏ស្រាប់តែមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GR-2561 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង បើកក្នុងល្បឿនយ៉ាងលឿន ហើយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំក្បាលរថយន្តពេញទំហឹងបណ្តាលឲ្យបែកចង្កៀងមុខ និងកំពិតទ្វារខាងឆ្វេង រីឯម៉ូតូកង់បីឥណ្ឌាវិញ ក្រឡាប់ផ្ងារជើងខ្ទេចអស់មួយចំហៀងខាងស្តាំ ធ្លាក់កញ្ចក់ចេញមកក្រៅ រងរបួសធ្ងន់ ម្ចាស់សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ។
ពេលភ្លាមៗនោះ ខាងរថយន្ត រ៉េនរ៉ូវើ បានបើករត់គេចខ្លួនបានចម្ងាយប្រហែលជាជិត២០០ម៉ែត្រ ទើបឈប់រថយន្ត ហើយក៏បើករថយន្តត្រឡប់មកកន្លែងកើតហេតុវិញ បានមួយសន្ទុះក្រោយមក ក៏មានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺរស្មី ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចំនាញនៃអធិការដ្ឋាន ខណ្ឌដូនពេញបានវាស់វែង និងប្រគល់បន្តទៅឲ្យខាងការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ