ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ណែនាំឲ្យលោកគ្រូអ្នកគ្រូជួយអប់រំសិស្សានុសិស្សឲ្យយល់ពីគុណតម្លៃនៃសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ណែនាំឲ្យលោកគ្រូអ្នកគ្រូ ជួយអប់រំសិស្សានុសិស្សឲ្យយល់ពីគុណតម្លៃនៃសន្តិភាព ដើម្បីជាមូលដ្ឋានគ្រឹះនៃការ ស្រឡាញ់សន្តិភាព ហើយរួមគ្នាការពារសន្តិភាពឲ្យបានគង់វង្សដែលមិនឲ្យអ្នកមកបំផ្លាញបានឡើយ ។

ថ្លែងនៅក្នុងពិធីបើកសន្និបាតការងារអប់រំរបស់មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ មករា ឆ្នាំ២០២០ នៅមន្ទីរអប់រំ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មានសន្តិភាពទើបមានអ្វីៗទាំងអស់ពិសេសមានសាលារៀនគ្រប់កម្រិតដែលបើកទ្វារឲ្យសិស្សានុ សិស្សបានចូល រៀនក្រេបយកចំណេះដឹង ដើម្បីពង្រីកសមត្ថភាពកសាងអនាគតនាពេលខាមុខ ដោយគ្មានការ ភ័យខ្លាច ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់ថា សន្តិភាពនេះក៏បានបង្កលក្ខណៈ សព្វបែប យ៉ាងដល់លោកគ្រូអ្នកគ្រូក្នុងការបំពេញការងារវិជ្ជាជីវៈ របស់ខ្លួន ហើយទទួលបាន ប្រាក់បៀវត្សកាន់តែមានកម្រិតខ្ពស់ ក្នុងការផ្គត់ផ្គង់ជីវភាពកាន់តែល្អប្រសើរ ។ ការអប់រំសិស្សានុសិស្ស និងសង្គមឲ្យស្រឡាញ់សន្តិភាព គឺធានាឲ្យកម្ពុជានៅតែរក្សាបានសុខសន្តិភាព ប្រទេសជាតិ និងប្រជាពលរដ្ឋមានអ្វីៗទាំងអស់ ហើយទោះក្នុងរូបភាពណាក៏ដោយមិនឲ្យជនអគតិណាមួយមកបំភ្លេចបំផ្លាញសុខ សន្តិភាពនេះបានឡើយ ខណៈដែលសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកសាងសុខសន្តិភាពជូនកម្ពុជាមកដល់ពេលនេះបានដោយលំបាកណាស់ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់លោកគ្រូអ្នកគ្រូទំាង អស់ត្រូវបង្កើនគុណភាពអប់រំដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគេមានសមត្ថភាពពេញលេញ ក្លាយជាធនធានមនុស្សពិតប្រាកដ ដើម្បីសម្រាប់ការអភិវឌ្ឍប្រទេសជាតិផង និងអភិវឌ្ឍន៍ អនាគតរបស់ខ្លួនផង ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍ថា មន្រ្តីគ្រប់គ្រងលោកគ្រូអ្នកគ្រូនៅទូទំាងរាជធានីភ្នំពេញបានបំពេញការងារតួនាទី រៀងៗខ្លួនប្រកបដោយ មនសិកាវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីធានាឲ្យការអប់រំ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងលើក កម្ពស់ឱកាសនៃការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នាទាំង ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ។

សូមបញ្ជាក់ថា៖ នៅរាជធានីភ្នំពេញមានគ្រឹះស្ថាន សិក្សាសាធារណៈរបស់រដ្ឋដូចជាសាលាបឋមសិក្សាចំនួន១៦៤ទីតាំងអនុវិទ្យាល័យវិទ្យាល័យមានចំនួន ៦៨សាលា និងសាលាមតេយ្យសិក្សាមតេយ្យសហគ មន៍មាន១៥៨ទីតាំងដោយរដ្ឋ និងឯកជនសរុបទាំងអស់មានជាង៣០ម៉ឺននាក់ ៕ សំរិត


ចែករំលែក៖